សមាជិកសភាអង់គ្លេសត្រៀមខ្លួនបោះឆ្នោតលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ស្របពេលអ្នកនយោបាយខ្លះស្នើឱ្យបោះឆ្នោតប្រជាមាតិលើកទី២
អង់គ្លេស៖ សមាជិសភាអង់គ្លេសកំពុងត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតមួយថា តើត្រូវគាំទ្រកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ ប្រ៊ីហ្ស៊ីត (Brexit) របស់លោកស្រីនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េ ដែរឬក៏យ៉ាងណា ខណៈអ្នកនយោបាយអង់គ្លេសមួយចំនួនក៏កំពុងស្នើឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី២ដែរ។

ជាមួយគ្នានេះ សមាជិកខ្លះនៃគណបក្សរបស់លោកស្រី ម៉េ ផ្ទាល់ត្រូវបានគេរំពឹងថា អាចនឹងចូលរួមជាមួយក្រុមគណបក្សប្រឆាំង ដើម្បីបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងស្ដីពី ប្រ៊ីហ្ស៊ីត (Brexit) របស់លោកស្រី ។ មិនតែប៉ុណ្ណោះក្រុមសមាជិកសភាទាំងនេះ ក៏ទំនងជាអាចនឹងស្នើឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីផ្លាស់ប្ដូរកិច្ចព្រមព្រៀងនេះផងដែរ មុននឹងការបោះឆ្នោតត្រូវចាប់ផ្ដើមធ្វើឡើងនៅម៉ោង ១៩៖០០ (ម៉ោងក្នុងតំបន់)។

ការបោះឆ្នោតអនុម័តនេះដែរ ត្រូវបានគេចាត់ទុកថា ជាការបោះឆ្នោតដ៏សំខាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ពោលគឺបន្ទាប់ការជជែកដេញដោលរយៈពេល០៥ថ្ងៃ ត្រូវបិទបញ្ចប់ប៉ុន្មានម៉ោងទៀតនេះ។ ដោយឡែកមុនការបោះឆ្នោតនេះដែរ លោកស្រី ថេរ៉េសា ម៉េ បានអំពាវនាវឱ្យអ្នកនយោបាយ និងសមាជិកសភាអង់គ្លេសទាំងអស់ គំាទ្រកិច្ចព្រមព្រៀងរបស់លោកស្រី បើពុំដូច្នោះទេការបែកបាក់រវាងអ្នកនយោបាយ និងប្រជាជនអង់គ្លេសនឹងផ្ទុះឡើង៕
