សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅសណ្ឋាគារសុខា ខេត្តសៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសប្បាយរីករាយ និងអរគុណចំពោះលោកជំទាវ ផានី យ៉ាថូទូ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅទឹកដីអង្គរព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានបន្តថា វត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវប្រធាន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ នៅពេលនេះ មិនត្រឹមតែផ្តល់កិត្តិយសដល់សភាកម្ពុជាប៉ុណ្ណោះទេ តែជាការរួមចំណែកយ៉ាងធំធេង ដើម្បីនាំមកនូវជោគជ័យ នៃការរៀបចំវេទិកាអន្តរសភាតំបន់នៅពេលនេះ។

សម្តេចមានប្រសាសន៍ថា សម្តេចមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។ សម្តេចបានលើកឡើងថា ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជា បានធ្វើការយ៉ាងសកម្ម និងស្អិតរមួតជាមួយរដ្ឋសភាឡាវ ដើម្បីរួមគ្នា នាំមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនពលរដ្ឋម្ចាស់ឆ្នោត ស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចមានសេចក្តីត្រេកអរ ដែលក្នុងអាណត្តិរបស់លោកជំទាវប្រធាន បានខិតខំជំរុញ និងលើកកម្ពស់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នកំពូលប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។ 

លោកជំទាវ ផានី យ៉ាថូទូ បានថ្លែងអំណរគុណ និងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF លើទី២៧របស់សភាកម្ពុជាថា បានដំណើរល្អជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកជំទាវបានសង្កេតឃើញថា ប្រទេសកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ លោកជំទាវបានស្នើសុំសម្តេចប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខសាលារួមគ្នា។ លោកជំទាវ ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម កម្ពុជា-ឡាវ ដែលនៅមានកម្រិតឲ្យបានកើនឡើង។

តមកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវផានីយ៉ាថូទូ ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះលើអនុសារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមជម្រាបជូនដែរថា នៅក្នុងអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនេះភាគីទាំងពីរបានឯកភាពគ្នា និងអះអាងថានឹងបន្តសហការគ្នាដើម្បីផលប្រយោជន៍ភាពសុខដុមរមនា សន្តិភាព និងមិត្តភាពរបស់ប្រជាជនទាំងពីរកម្ពុជា-ឡាវ។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នាបង្កើតផែនការរួមគ្នារវាងរដ្ឋសភាទាំងពីរដែលគ្រប់ដណ្តប់ក្របខណ្ឌការងារផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា គណៈកម្មាធិការ គណៈកម្មការជំនាញរដ្ឋសភា ក្រុមមិត្តភាពរដ្ឋសភាទាំងពីរ និងក្រុមសមាជិករដ្ឋសភាជាស្ត្រី។ រៀបចំទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងក្រុមលេខាធិការដ្ឋាននៃរដ្ឋសភាទាំងពីរ។

រៀបចំសិក្ខាសាលាដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅតាមប្រធានបទដែលភាគីទាំងពីរមានការចាប់អារម្មណ៍។ ផ្លាស់ប្តូរឯកសារផ្នែកច្បាប់ពត័មានផ្សេងៗ និងការវិវត្តន៍នានាដែលភាគីទាំងពីរមានការចាប់អារម្មណ៍។ ភាគីទាំងពីរតាមដានពិនិត្យ និងជំរុញរដ្ឋាភិបាលរបស់ខ្លួនឲ្យអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរបានចុះហត្តលេខារួមគ្នា។ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចពិភាក្សាគ្នានិងផ្លាស់ប្តូរទស្សនយោបល់ស្តីពីបញ្ហាទាំងឡាយដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់និងពិភពលោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner