ប្រធានាធិបតីសហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ សម្រាប់ការបិទរដ្ឋាភិបាលរហូតដល់ខែកុម្ភៈ

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបិទដំណើរការរដ្ឋាភិបាលដោយផ្នែក រហូតដល់ខែកុម្ភៈខាងមុខ ខណៈលោក ត្រាំ បានព្រមានថា អាចនឹងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នខាងផ្នែកសន្តិសុខ ដើម្បីប្រើប្រាស់អំណាចជាប្រធានាធិបតីអាម៉េរិកសាងសង់ជញ្ជាំងព្រំដែនដោយមិនចាំបាច់មានការអនុម័តពីសភាទៀតផង។

ការបិទរដ្ឋាភិបាលអាម៉េរិកបានកើតឡើង បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានទាត់ចោលសំណើកញ្ចប់ថវិកាជាង ៥,៧ពាន់លានដុល្លាររបស់លោក ត្រាំ យកទៅសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដោយពួកគេបានបញ្ជាក់ថា នឹងមិនធ្វើការចរចាណាមួយលើកញ្ចប់ថវិកាសាងសង់ជញ្ជាំងព្រំដែននោះឡើយ បើលោក ត្រាំ មិនព្រមបើកដំណើរការឡើងវិញ។

ស្របពេលជាមួយគ្នានោះដែរ សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សសាធារណរដ្ឋ លោក លីនសី ក្រាហាម បានជំរុញឱ្យលោក ដូណាល់ ត្រាំ បើកដំណើរការរដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយនោះឡើយ ខណៈលោកផ្ទាល់បានអះអាងថា សេតវិមានអាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នខាងសន្តិសុខ បើកិច្ចចរចាស្ដីពីការបិទរដ្ឋាភិបាលនៅតែបរាជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner