អ៊ីរ៉ង់ប្រកាសប្រឆាំងនឹងប៉ូឡូញ ទាក់ទិននឹងការរៀបចំជំនួបអន្តរជាតិស្ដីពីអ៊ីរ៉ង់ជាមួយសហរដ្ឋអាម៉េរិក
អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានកោះហៅមន្ត្រីជាន់ខ្ពស់ប៉ូឡូញម្នាក់ឱ្យចូលជួប ដើម្បីសម្ដែងការតវ៉ា និងជំទាស់ចំពោះការសម្រេចចិត្តរៀបចំជំនួបអន្តរជាតិរួមគ្នាជាមួយសហរដ្ឋអាម៉េរិក ដែលផ្ដោតសំខាន់លើអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា។

ប្រតិកម្មរបស់ក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា កិច្ចប្រជុំអន្តរជាតិមួយនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដោយផ្តោតសំខាន់លើស្ថេរភាព និងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងមធ្យោបាយទប់ស្កាត់សកម្មភាពបង្កអស្ថេរភាពរបស់អ៊ីរ៉ង់ក្នុងតំបន់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់បានប្រាប់មន្ត្រីទូតជាន់ខ្ពស់ប៉ូឡូញប្រចាំទីក្រុងតេហេរ៉ង់ថា ប្រទេសរបស់ខ្លួនយល់ឃើញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលប៉ូឡូញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តជាតិ ដែលផ្ដោតសំខាន់លើអ៊ីរ៉ង់ជាមួយសហរដ្ឋអាម៉េរិក គឺជាសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានព្រមានថា នឹងចាត់វិធានឆ្លើយតប។ ប៉ុន្តែមន្ត្រីទូតប៉ូឡូញក៏បានផ្ដល់ការពន្យល់ជុំវិញកិច្ចប្រជុំអន្តរជាតិនេះដែរ ជាមួយការអះអាងថា វាមិនមែនធ្វើឡើងក្នុងគោលបំណងប្រឆាំងអ៊ីរ៉ង់នោះទេ៕
