រដ្ឋលេខាធិការក្រសួងអប់រំ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង Asian Devilopment Foundation កូរ៉េ ដើម្បីផផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង Asian Devilopment Foundation នៃសាធារណរដ្ឋកូរ៉េ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ថា Asian Devilopment Foundation នៃសាធារណរដ្ឋកូរ៉េ មានគម្រោងផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ចំនួន៥០០$ ក្នុង១ឆ្នាំ ជូនដល់និស្សិត ដែលមានលទ្ធផលនៃការសិក្សាខ្ពស់ ហើយជ្រើសរើសចេញពីសកលវិទ្យាល័យនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣០រូប។

លោកជំទាវបានឲ្យដឹងទៀតថា ១)យោងតាមសេចក្ដីប្រកាសលើទំព័រហ្វ៊េសបុក នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៩ ខែវិច្ឆកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨ មាននិស្សិតចំនួន៤០០រូប បានដាក់ពាក្យស្នើសុំអាហារូបករណ៍។

២)ដោយសារ Asian Devilopment Foundation បានដាក់លក្ខខណ្ឌវិនិឆ្ឆ័យសម្រាប់អាហារូបករណ៍នេះ នៅលើលទ្ធផលនៃការសិក្សា និងផែនការសម្រាប់ការសិក្សា ដូច្នេះនីតិវិធីនៃការជម្រុះ គឺពឹងផ្អែកលើនិទ្ទេសតាមមុខវិជ្ជារបស់និស្សិតនិមួយៗនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និងចម្លើយរបស់និស្សិត លើសំណួរទាក់ទងនិងផែនការសិក្សាថ្នាក់បរិញ្ញាបត្រ។

៣)ដោយសារភាគច្រើនលើសលុបនៃនិស្សិតដែលមាននិទ្ទេសខ្ពស់ បានប្រមូលផ្ដុំតែនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ហេតុដូច្នោះហើយបានជា Asian Devilopment Foundation បានផ្ដល់លក្ខខណ្ឌសមធម៌ជូនដល់និស្សិតមកពីសកលវិទ្យាល័យភ្នំពេញ វិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត។

៤)Asian Devilopment Foundation បានឯកភាពទទួលបញ្ជីសម្រាំងបេក្ខជនចំនួន៤០រូប ដើម្បីធ្វើការសម្ភាសន៍ដោយផ្ទាល់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ និង៥)Asian Devilopment Foundation បានស្នើសុំឲ្យមានការព្រមព្រៀងលើអនុស្សារណៈជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីដំណើរការផ្ដល់អាហារូបករណ៍ជូនដល់និស្សិតជ័យលាភីដែលបានជ្រើសរើសចុងក្រោយចំនួន៣០រូបនេះ ដើម្បីផ្ដល់អាហារូបករណ៍ខាងលើនោះសម្រាប់សិក្សានៅពេលខាងមុខនេះ៕
