ក្លឹបបាល់ទាត់វិសាខា បានបន្តឈ្នះ ក្នុងជំនួបមិត្តភាព លើទឹកដីថៃ
ក្រុមបាល់ទាត់វិសាខា បានបន្ដកំណត់ត្រាឈ្នះក្នុងជំនួបមិត្តភាពរបស់ខ្លួន នៅទឹកដីថៃ ដោយបន្តឈ្នះក្រុមម្ចាស់ផ្ទះ RSU FC ជាមួយលទ្ធផល ៥-០ នៅកីឡដ្ឋាន Rangsit University នាម្សិលមិញ ក្រោយប្រកួតទី១ យកឈ្នះ ក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang FA ដោយលទ្ធផល ៣-១ ។

ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្លឹបវិសាខា រកបានដោយកីឡាករ ទិត្យ ឌីណា ២គ្រាប់ ម្នាក់ឯង ខណៈកីឡាករ ម៉ាត់ សាក់រ៉វី, សាន បូរ៉ា និងកីឡាករ ទូច គឹមឆាយ រកបានម្នាក់ ១គ្រាប់ដែរ លើក្រុមប្រចាំសកលវិទ្យាល័យ Rangsit University ក្នុងលទ្ធផល ៥-០ ។

គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកទី២ របស់ក្រុមវិសាខា បន្ទាប់ពីបោះជំរុំហ្វឹកហាត់បាន ៤ថ្ងៃ នៅទីក្រុងបាងកក គ្រាដែលប្រកួតទី១ បានយកឈ្នះក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang FA ដោយលទ្ធផល ៣-១ កាលពីពេលថ្មីៗ មុននិងត្រឡប់មកប្រទេសកម្ពុជាវិញ ក្លឹបវិសាខា បន្តបេសកកម្មទៀត ដោយបន្ដបោះជំរំរហូតដល់ថ្ងៃទី១៨ ខែមករា ហើយនឹងមានការប្រកួតប្រមាណ ៣ប្រកួតទៀត ប៉ុន្ដែក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ មិនទាន់បញ្ជាក់ពីគូប្រកួតបន្ដនោះទេ ៕


