ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០១៩ សហព័ន្ធជ្រើសរើសយកខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ផ្ទះ

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាវាយសីកម្ពុជា បានជ្រើសរើសខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៩ដល់ទី២០ ខែមករា ឆ្នាំ២០១៩ នៅទីលានកីឡាវាយសី សមាគមខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់ពីលោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រកាសថា នាព្រឹកថ្ងៃព្រហស្បតិ៍តនេះ។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតអបអរថ្ងៃជ័យជម្នះ៧មករាខាងលើ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ ថ្ងៃរំដោះ៧មករា ១៩៧៩ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា រំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

លោកអះអាងទៀតថា តាមរយៈព្រឹត្តិការណ៍ប្រកួតនេះដែរ គឺចូលរួមលើកកម្ពស់វិស័យកីឡាវាយសីឲ្យកាន់តែមានប្រជាប្រិយភាព ជាពិសេសបំផុសឲ្យយុវជនងាកមកលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ឆ្នាំ២០១៩  សហព័ន្ធកីឡាវាយសីកម្ពុជា បានដាក់៦៧វិញ្ញាសាឲ្យធ្វើការប្រកួតប្រជែង ក្នុងនោះមាន វិញ្ញាសាវាយគូបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំចុះ វិញ្ញាសាវាយគូបុរសអាយុ១៥ឆ្នាំចុះ វិញ្ញាសាវាយគូរនារីមិនគិតអាយុ វិញ្ញាសាក្រុម និងវិញ្ញាសាវាយគូរយុវជនជាមួយកីឡាករវ័យចាប់ពីអាយុ៣៣ឆ្នាំឡើងទៅ ដែលការប្រកួតវាយគូចម្រុះអាយុនេះ សហព័ន្ធមានបំណងបង្កើតនូវបរិយាកាសសប្បាយរីករាយ ក្នុងន័យបង្កើតរិតចំណងមិត្តភាព សាមគ្គីភាពថ្នាក់ដឹកនាំរបស់ខេត្តទាំងអស់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner