ប្រមុខការទូតតួកគី៖ ទីក្រុងអង់ការ៉ាអាចនឹងទិញប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិក ក្នុងលក្ខខណ្ឌសមរម្យណាមួយ
តួកគី៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ បានថ្លែងអះអាងថា ប្រទេសរបស់លោកអាចនឹងពិចារណាក្នុងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់សហរដ្ឋអាម៉េរិក នៅក្នុងលក្ខខណ្ឌសមរម្យណាមួយ។

កាលពីពេលថ្មីៗនេះ ប្រតិភូរដ្ឋាភិបាលអាម៉េរិកមួយក្រុមត្រូវបានគេរាយការណ៍ថា បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងអង់ការ៉ា ឲ្យបោះបង់ចោលការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ហើយងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ ប៉ុន្តែសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតួកគីបដិសេធចោល។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ប្រមុខការទូតតួកគីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាអាចនឹងបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិកគ្រប់ពេល បើសិនជាទីក្រុងវ៉ាស៊ីនតោននៅតែបង្ខំឱ្យទីក្រុងអង់ការ៉ា បញ្ឈប់គម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីនោះ៕

