រុស្ស៊ីប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតចំនួន០៤លើកនៅសមុទ្រមេឌីទែរ៉ាណេ ក្នុងខែមករានេះ
រុស្ស៊ី៖ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហានជើងទឹកឱ្យកាន់តែរឹងមំាខ្លាំងក្លានោះ នៅដើមឆ្នាំ២០១៩នេះ រុស្ស៊ីនឹងធ្វើការបង្កើនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាច្រើន ដោយនៅក្នុងខែមករានេះ មានសមយុទ្ធដល់ទៅ៤លើកបានឡើងគម្រោងរួចរាល់ហើយ។

មជ្ឈមណ្ឌលប្រកាសព័ត៌មានស្តីពីចរាចរណ៍ដែនអាកាសអន្តរជាតិ NOTAM បានផ្សាយថា ក្រុមនាវាចម្បាំងរបស់រុស្ស៊ីឈរជើងនៅដែនសមុទ្រមេឌីទែរ៉ាណេ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតចំនួន៤លើកនៅក្នុងខែមករា ដើមឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ជិតឆ្នេរសមុទ្រប្រទេសស៊ីរី។

បើតាមប្រភពដដែលបន្តថា កម្លាំងទាហានរុស្ស៊ីបានស្នើដល់បណ្តាមធ្យោបាយធ្វើដំណើរនៅតាមដែនសមុទ្រមេឌីទែរ៉ាណេបង្វែរទិសដៅ ដោយទាហានជើងទឹករុស្ស៊ីនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដល់ទៅ៤លើក គឺលើកទីមួយចាប់ពីថ្ងៃទី៩ ដល់ទៅ១០ លើកទីពីរចាប់ពីថ្ងៃទី១៦ ដល់ទី១៧ លើកទីបីចាប់ពីថ្ងៃទី២៣ ដល់ទី២៤ និងលើកទី៤ ចាប់ពីថ្ងៃទី៣០ ដល់ទី៣១ ខែមករានេះ។

សូមបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីតែងតែប្រកាសឲ្យបិទតំបន់មួយចំនួននៅសមុទ្រមេឌីទែរ៉ានេ ដើម្បីធ្វើសមយុទ្ធ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០១៨ រុស្ស៊ី ក៏បានបិទផ្លូវសមុទ្រដ៏សំខាន់មួយនេះក្នុងរយៈពេល៨ថ្ងៃផងដែរ នៅពេលដែលទាហានជើងទឹក និងជើងអាកាសរុស្ស៊ីធ្វើសមយុទ្ធ៕