ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអនុព័ន្ធយោធាវៀតណាមចាស់-ថ្មី ចូលជួបសម្តែងការគួរសម

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីបានបញ្ចប់បេសកកម្មអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង
( NGUYEN ANH DUNG ) អមដំណើរដោយលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ (NGUNYEN THAN CHINH )អនុព័ន្ធយោធាអមស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលការអនុញ្ញតពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខ-ភ-ម មេបញ្ជាការកងទ័ពជើងគោក ដើម្បីចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសនៃការបញ្ចប់បេសកកម្ម និងការចូលបន្តបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នៅបញ្ជាការ
ដ្ឋានកងទ័ពជើងគោក នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាស និងការចំណាយពេលវេលាអនុញ្ញាតឲ្យរូបលោកទាំងពីរបានចូលជួបសម្តែងការគួរសមនាពេលនេះ និងថ្លែងអំណរគុណផងដែរ ចំពោះកងយោធពលខេមរភូមិន្ទនិយាយរួម និយាយដោយឡែក នាយ-ពលទាហានកងទ័ពជើងគោកទាំងអស់បានសហការល្អប្រសើរធ្វើឲ្យអាណត្តិបេសកកម្មរបស់រូបលោកក្នុងរយៈពេលជាង៣ឆ្នាំនេះបញ្ចប់ទៅ ដោយទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ក៏បានអបអរសាទរដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានព្រះមហាក្សត្ររាជរដ្ឋាភិបាលព្រះរាជទាន ប្រទានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ឡើងវិញពីចំណងមិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរលង់មកហើយរវាងកម្ពុជា-វៀតណាមរហូតដល់ពេលបច្ចុប្បន្នប្រទេសយើង
ទាំងពីរកម្ពុជា-វៀតណាម នៅតែខិតខំបន្តរក្សាពង្រឹងពង្រីកចំណងមិត្តភាពឲ្យកាន់តែប្រសើរឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកភាគីមិត្តវៀតណាមតែងតែបានជួយដល់កងទ័ពកម្ពុជា ទាំងស្មារតី ថវិកា សម្ភារ ជាអាទិ៍ ការកសាងប្រព័ន្ធហ្វឹកហ្វឺនក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សជូនដល់បណ្តាកងឯកភាពនៃខ-ភ-ម លើច្រើនជំនាញ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ តួនាទីភារកិច្ចដែលលោកវរសេនីយ៍ឯក ង្វៀន អាញ់យុង អនុវត្តន៍កន្លងមក ប្រកបដោយជោគជ័យ និងមានជំនឿការបន្តសម្រេចភារកិច្ចរបស់លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ក្នុងតួនាទីជាអនុព័ន្ធយោធាថ្មីប្រចាំកម្ពុជាថានឹងដំណើរការយ៉ាងរលូនបន្តទៀត ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរកម្ពុជា វៀតណាមកាន់តែល្អប្រសើរឡើងទ្វេឡើងថែមទៀត៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner