រដ្ឋបាលខេត្តសៀមរាប នឹងប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០១៩ នៅព្រឹកស្អែកនេះ

ក្នុងឱកាសដែលប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០១៩ ដែលជាថ្ងៃប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចផុតពីជ្រោះមរណៈនៃបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយត្រូវបានប្រជាជនយើង បានចារឹកទុកក្នុងបេះដូង គឺជាថ្ងៃផ្តល់កំណើតទី២ របស់យើងគ្រប់ៗរូប។

ទិវាជ័យជម្នះ៧មករា ឆ្នាំ២០១៩នេះ ខេត្តសៀមរាប ក៏ដូចនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ធំនេះឡើង។ ជាក់ស្តែងខេត្តសៀមរាប នាថ្ងៃទី១០ មករា ស្អែកនេះ នឹងបានរៀបចំប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០  ដោយថ្ងៃទី១០ មករានេះ ហើយដែលប្រជាជនខេត្តសៀមរាប បានរួចចាកផុតពីនឹមឧក្រិដ្ឋកម្មនៃបទប្រល័យពូជសាសន៍ ប៉ុល ពត។ ម៉្យាងទៀតនៅថ្ងៃទី១០ មករានេះដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជាតិ និងភ្ញៀវជាតិអន្តរជាតិ។ ចាប់ពីម៉ោង៦និង៣០នាទីព្រឹកតទៅ។ រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា យ៉ាងមហោឡារឹក អ៊ឹកធឹកជាងបណ្តាឆ្នាំកន្លងទៅ នៅបរិវេណទីធ្លាសួនច្បារសណ្ឋាគារមហាអង្គរ ខាងជើង ព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ដោយមានការដើរដង្ហែព្យុហយាត្រារបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្បួនមន្ត្រីរាជការ គ្រប់មន្ទីរអង្គភាពក្នុងខេត្ត ក្បួនមន្ត្រីរដ្ឋបាលក្រុងស្រុក ក្បួនលោកគ្រូអ្នកគ្រូ ក្បួនសិស្សានុសិស្ស ក្បួនក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្បួនក្រុមកាយរឹទ្ធ  ក្បួនក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត ក្បួនសិល្បៈ ក្បួនកីឡាករ ក្បួនមហាជន និងក្បួនបងប្អូនខ្មែរអ៊ីស្លាមជាដើម។
 
ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លោកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា ឲ្យបានច្រើនកុះករ ដើម្បីបង្ហាញនូវស្មារតីចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈភាពកម្មាភិបាល យុទ្ធជន  យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់អាយុជីវិតយ៉ាងធំធេង ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការបញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ហើយដែលបាន កាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត៣លាននាក់ និងជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងការពារការរស់ឡើងវិញរបស់កម្ពុជា ក្រោមដំបូលសន្តិភាព ក្រោមកិច្ចដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី៕ម.ន
ដោយៈ ម៉ី សុខារិទ្ធ

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner