ឯកឧត្តម វង សូត ទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការ School Aid Japan
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យលោក វាតាណា មិគិ អគ្គនាយកអង្គការ School Aid Japan រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះភាគីទាំងពីរ បានសន្យារួមគ្នាជួយពង្រឹងបន្ថែមលើផ្នែកសិក្សាអប់រំ និងសង្គមកិច្ចដល់កុមារកម្ពុជាក្រីក្រនៅតាមសហគមន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក វាតាណា មិគិ បានពិភាក្សាគ្នាលើការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសិក្សាបន្ថែមទៀត ដើម្បីជួយដល់កុមារកម្ពុជា ក្រៅពីនោះ ក៏មានការលើកឡើងពីការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា នៅតាមទីជនបទ ដាច់ស្រយាលផងដែរ។

ឯកឧត្តម វង សូត បានលើកឡើងថា កន្លងមក អង្គការ School Aid Japan បានជួយសាលារៀន ក៏ដូចជាមតេយ្យសិក្សាដល់កម្ពុជាជាច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស នេះជាការចួលរួមចំណែកយ៉ាងល្អ ជួយទៅដល់កុមារកម្ពុជា ទាក់ទងនឹងវិស័យអប់រំ និងវិស័យសង្គមកិច្ច។
ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណទៅដល់អង្គការ School Aid Japan ដែលបានឧបត្ថម្ភគាំទ្រ និងតែងតែជួយកសាងសាលារៀនជាច្រើនដល់កម្ពុជា។

ការជួយរបស់អង្គការលើវិស័យអប់រំ និងវិស័យសង្គមកិច្ចនៅកម្ពុជានាពេលនេះ បានបង្ហាញឲ្យឃើញពីឧត្តមភាព និងការទំនាក់ទំនងជាមួយគ្នាកាន់តែជិតសិទ្ធបន្តទៅមុខទៀត។ ឯកឧត្តមបានបន្តថា ក្រុមការងាររបស់ក្រសួងសង្គមកិច្ច រីករាយក្នុងការសហការបន្តទៀតជាមួយអង្គការ School Aid Japan ហើយយើងក៏នៅមានកិច្ចការងារដែលនឹងបន្តសហការគ្នាទៀតនៅឆ្នាំបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោក វាតាណា មិគិ បានលើកឡើងថា អង្គការ School Aid Japan មានគោលដៅជួយដល់កុមារកម្ពុជា ជាពិសេសលើការអប់រំ។ តែកន្លងមក អង្គការរបស់លោក បានជួយដល់ការកសាងសាលារៀន និងមណ្ឌលកុមារកំព្រាជាច្រើនរួមមកហើយ ការជួយកម្ពុជា នាពេលនេះ គឺចង់ឲ្យកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សី ទទួលបានការរស់នៅ និងការអប់រំមួយប្រកបទៅដោយភាពល្អប្រសើរ។

លោកបានបន្ថែមថា កម្ពុជាជាប្រទេសមួយដែលមានអរិយធម៌ល្អ និងល្អផូរផង់ ដូចនេះ កុមារនៅកម្ពុជា ក៏ត្រូវតែមានការរីកចម្រើន និងការលូតលាស់ទៅបានល្អដូចគ្នា។ ទន្ទឹមនឹងនេះលោក វាតាណា មិគិ បានបន្តថា អង្គការ School Aid Japan នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អតទៅមុខទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើវិស័យអប់រំ និងវិស័យសង្គមកិច្ច៕





