ជនជាតិចិនម្នាក់ ត្រូវបុគ្គលិករបស់ខ្លួនវាយប្លន់យកលុយជិត១០ម៉ឺនដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានហេតុកាណ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រធានគណនេយ្យជនជាតិចិនរបស់ក្រុមហ៊ុនលាយបេតុងម្នាក់ ត្រូវបានអ្នកបើកបររថយន្តខ្លួនឯង បានធ្វើសកម្មភាពយកពិលឆក់វាយដណ្តើមយកលុយអស់ជិត១០ម៉ឺនដុល្លារបានសម្រេចហើយ និងរត់គេចខ្លួនបាត់ ដែលទីតាំងកើតហេតុស្ថិតនៅតាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ លុង លីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ជាប្រធានគណនីយក្រុមហ៊ុន លាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD។ ចំណែកជនសង្ស័យឈ្មោះ អ៊ុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយបេតុង។

យោងតាមការឲ្យដឹងពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ទើបតែចូលបម្រើការងារនៅក្នុងក្រុមហ៊ុនលាយបេតុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ជាអ្នកបើកបររថយន្តឲ្យថៅកែ។ មុនពេលកើតហេតុ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា នេះ លោក រួមជាមួយជនសង្ស័យ ដឹកជូនទៅបើកលុយនៅធនាគារចិនមួយកន្លែង ក្បែរស្ថានីយ៍រថភ្លើង ខណ្ឌដូនពេញ បើកលុយបានចំនួន៩៩៦៧៩ដុល្លារ ដោយធ្វើដំណើរតាមរថយន្តព្រូសមួយគ្រឿង ពណ៌ឈាម ជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AW-1763 និងបានវិលត្រឡប់មកក្រុមហ៊ុនវិញ ធ្វើដំណើរដល់ចំណុចខាងលើ ក្បែរក្រុមហ៊ុនទៅហើយ ស្រាប់តែជនសង្ស័យឈប់រថយន្ត ប្រដាប់ដោយពិលឆក់ ធ្វើសកម្មភាពឆក់ និងវាយលើលោក ដណ្តើមយកលុយបានហើយ ចុះរត់គេចខ្លួនបាត់តែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃ្មួញ ឲ្យជួយអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវរកតាមចាប់ជនសង្ស័យ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner