លោក ដូណាល់ ត្រាំ ព្រមានបិទរដ្ឋាភិបាលរយៈពេលយូរ បើសិនមិនទទួលបានកញ្ចប់ថវិកាសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បាននិយាយថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តធ្វើការបិទរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរមួយ ដែលប្រហែលជាខែ ឬឆ្នាំក៏ថាបាន ខណៈណាមិនទទួលបានកញ្ចប់ថវិកាសន្តិសុខពីសភា ពាក់ព័ន្ធនឹងការសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក។

ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានច្រានចោលការគំរាមពីសំណាក់ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ ដែលចង់ទម្លាក់រូបលោកចេញពីតំណែង ដោយលោកនៅតែអះអាងថា ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកមិនបានឃុបឃិតជាមួយរដ្ឋាភិបាលរុស្ស៊ី អំឡុងការបោះឆ្នោតជ្រើសរើសមេដឹកនាំអាម៉េរិកកាលពីឆ្នាំ២០១៦ឡើយ។

សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ មន្រ្តីបក្សប្រជាធិបតេយ្យបានចូលគ្រប់គ្រងសភាតំណាងរាស្រ្តអាម៉េរិកជាផ្លូវការ ដោយមានលោកស្រី Nancy Pelosi ជាប្រធានថ្មីនៃសភាជាន់ទាបនេះ។ ជាមួយគ្នានោះ ក្រុមសមាជិកសភាមកពីបក្សប្រជាធិបតេយ្យដែលទើបឡើងកាន់តំណែងថ្មីៗ បានទទូចឲ្យមានចំណាត់ការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីសេតវិមាន។

ជុំវិញរឿងនេះដែរ លោកស្រី Pelosi បាននិយាយថា លោកស្រីមិនបោះបង់ចោលនូវជម្រើសទម្លាក់លោក ត្រាំ ឡើយ ប៉ុន្តែបានណែនាំឲ្យគ្រប់គ្នារង់ចាំការបង្ហាញរបាយការណ៍ពីរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលកំពុងស៊ើបអង្កេតលើរឿងអាស្រូវក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ បានឃុបឃិតជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតឆ្នាំ២០១៦៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner