ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា មានការរីកចម្រើនបន្តិចបន្តួចប៉ុណ្ណោះដែលបានធ្វើឡើងជាមួយរុស្ស៊ីពាក់ព័ន្ធនឹងសន្ធិសញ្ញានុយក្លេអ៊ែរ INF

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចង្អុលបង្ហាញនៅថ្ងៃសុក្រនេះថា មានការវិវត្តទៅមុខតែបន្តិចបន្តួចប៉ុណ្ណោះ ដែលត្រូវបានធ្វើឡើងសម្រាប់កិច្ចចរចាជាមួយរុស្ស៊ី ទាក់ទិននឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ខណៈកាលបរិច្ឆេទដែលកំណត់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីដើរចេញពីសន្ធិសញ្ញានេះ កាន់តែខិតជិតមកដល់។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsmax ប្រមុខការទូតអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា ឥឡូវនេះ យើងមានចំនួនជិត៣០ថ្ងៃហើយ ពីថ្ងៃផុតកំណត់ដែលយើងបានផ្តល់ឲ្យ ហើយថា ជាអកុសល្យនោះ រុស្ស៊ីមិនបានខិតខំប្រឹងប្រែងអនុវត្តតាមសន្ធិសញ្ញានេះ ច្រើនជាងអ្វីដែលពួកគេបានធ្វើសម្រាប់រយៈពេល៤ ឬ៥ឆ្នាំមុននោះទេ។ លោក ប៉ុមប៉េអូ បានសង្កត់ធ្នង់ថា យើងបាននឹងកំពុងបន្តធ្វើកិច្ចពិភាក្សាជាមួយពួកគេ (រុស្ស៊ី) ដើម្បីព្យាយាម ក៏ដូចជាជំរុញឱ្យពួកគេវិលត្រឡប់ទៅអនុវត្តឲ្យបានពេញលេញតាមសន្ធិសញ្ញានេះវិញ។

សូមរំលឹកឡើងវិញថា កាលពីដើមខែធ្នូកន្លងទៅនេះ មន្រ្តីទូតកំពូលអាម៉េរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងព្យួរកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា INF ក្នុងរយៈពេល៦០ថ្ងៃ លុះត្រាតែប្រទេសរុស្ស៊ីវិលត្រឡប់ទៅអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែរដ្ឋាភិបាលក្រុងម៉ូស្គូបានប្រកាសច្រានចោលជាច្រើនលើកច្រើនសារថា ខ្លួនមិនបានរំលោភបំពានលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF នោះឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner