ទិវារត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ត្រនៅស្រុកអន្លង់វែងនឹងចាប់ផ្តើមជាលើកដំបូង នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ

អត្ថបទដោយ៖
ហេង វណ្ណា

ទិវាកីឡាទេសចរណ៍រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្រ្ត នៅលើដងភ្នំដងរែក នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នឹងត្រូវចាប់ផ្តើមលើកដំបូងនៅតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហម នៅព្រឹក ថ្ងៃសៅរ៍ស្អែកនេះហើយ ក្នុងគោលបំណងគាំទ្រដល់សុខសន្តិភាព ទិវាជ័យជម្នះ៧មករា ១៩៧៩-២០១៩ ក្រោមការរៀបចំពីក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក ថន កុដ អភិបាលរងស្រុកអន្លង់វែងគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ចែកចេញជាពីរវគ្គ គឺទី១ ការរត់ប្រណាំងចាប់ពីម៉ោង៦ព្រឹក ដែលចេញដំណើរពីផ្ទះតាម៉ុកឆ្ពោះទៅរង្វង់មូលស្រុកអន្លង់វែង និងរត់ត្រឡប់ទៅផ្ទះតាម៉ុកវិញ និងទី២ ការដើរថ្មើរជើងនៅលើដងភ្នំដងរែក ចំណុចច្រកព្រំដែនអន្តរជាតិជាំ ឆ្ពោះទៅ “ពើយតាម៉ុក” ដែលការរៀបចំកីឡានេះ គឺដើម្បីអ្នកចូលរួម ទាំងឡាយបានស្វែងយល់ពីតំបន់សង្រ្គាមតស៊ូចុងក្រោយនៃរបបខ្មែរក្រហម កាលពីឆ្នាំ១៩៩៨ ដែល មានរយៈពេល២០ឆ្នាំមកដល់បច្ចុប្បន្ន តាមរយៈសមាហរណកម្មនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាបានរស់នៅក្រោមសុខសន្តិភាពពេញបរិបូរណ៍ ហើយទិវា កីឡានេះដែរក៏បានចូលរួមអបអរសាទរលើកទី៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករាផងដែរ។

ចំណែកឯ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងប្រាប់ដែរថា ព្រឹត្តិការណ៍កីឡានេះ នឹងព្យាយាមតម្រង់ការចាប់អារម្មណ៍ទៅលើសារៈសំខាន់ ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្តរូបមួយនៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាផងដែរ។ ចំពោះការធ្វើសមាហរណកម្មរបស់តំបន់នេះ គឺមានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ សព្វថ្ងៃនេះអន្លង់វែង បង្កប់នូវភាពអាថ៌កំបាំងដំណើរផ្សងព្រេង សម្រស់ធម្មជាតិ និងហានិភ័យខ្លះដែរ។ ឯកឧត្តម បានបន្ថែមថា ព្រឹត្តិការណ៍កីឡាថ្មើរជើងប្រវត្តិសាស្រ្តនេះ ព្យាយាមគូសបញ្ជាក់ពីតម្លៃនានាតាមរយៈផ្លូវដើរប្រកប ដោយទេសភាពដ៏ស្រស់ត្រកាល នៅលើអតីតតំបន់ដែលធ្លាប់តែត្រូវបានញាំញីដោយសង្រ្គាម គ្រាប់មីន ស្នូរគ្រាប់កាំភ្លើង កាលពី២០ឆ្នាំមុន ដែលគេរំពឹងថាវានឹងក្លាយទៅតំបន់ប្រវត្តិ សាស្រ្តដ៏ទាក់ទាញសម្រាប់វិស័យកីឡាផង ទេសចរណ៍ផង នៅក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍដែលមិនចេះស្កប់ស្កល់នោះ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner