សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចិនថ្មី ចូលជួបសម្តែងការគួរសម
នាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី២៦ ខែធ្នូ ឆ្នាំ២០១៨ នាវេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ពិតជារួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តម Wang Wentian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឲ្យេឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ជូនសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំដទៃទៀត នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូរល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រពៃនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពគ្នាបន្តអនុវត្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម Wang Wentian បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតមុន និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លង ទៅ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តជាប្រពៃណីចិន-កម្ពុជា ដែលប្រកបដោយមនោសញ្ចេតនាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ បានឆ្លងកាត់បទពិសោធន៍ជាច្រើនលើកនៅក្នុងប្រវត្តិសាស្ត្រ ហើយមានភាពល្អប្រសើរតាំពីដើមរហូតដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តម បានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តការគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រឹងឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន និងជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេស សមស្របតាមសភាពការណ៍ជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Wang Wentian មានសេចក្តីសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា នឹងនាំមកនូវការផ្លាស់ប្តូបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ ឲ្យកាន់តែមានសកម្មភាពច្រើនថែមទៀត ក្នុងការជំរុញនូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសពីរ។

នាឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមឯអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាននឹងកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំ១៩៥៨-២០១៨) ហើយទំនាក់ទំនងការទូតនេះ ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ថ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាមួយថ្នាក់ដឹកនាំចិនជំនាន់មុន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ រហូតឈានដល់កម្រិតកំពូលនាពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ។
ការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ មិនគ្រាន់តែនាំមកនូវការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានជួយដល់ការពង្រឹងភាពជាម្ចាស់ និងឯករាជភាពរបស់ព្រះរាជាណាចក្រកម្ពុជាទៀតផងដែរ។
កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូរល្អ។ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តអនុវត្តគោលនយោបាយការបរទេសទន់ភ្លន់ សុភាពរាបសារ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា លើមូលដ្ឋាននៃការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចីរភាព។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាប្រឹក្សានយោបាយប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជាតាំងពីនីតិកាលទី១ រហូតមកទល់បច្ចុប្បន្ននេះ ជាឧបករណ៍សម្ភារការិយាល័យ រថយន្ត អគារធ្វើការរបស់ថ្នាក់ដឹកនាំរបស់សមាជិកព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជួយកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណព្រឹទ្ធសភា និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងស្ថាប័ន និងការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ជំនួយទាំងអស់នោះ បានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការពង្រឹងស្ថាប័ន និងលើកម្ពស់សមត្ថភាពការងារមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ជំនួយទាំងអស់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនមុនៗ ដែលតែងតែជួយសម្របសម្រួលធ្វើឲ្យទំនាក់ទំនងល្អប្រសើររវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធិពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម៕