សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ ដែលបង្កការអុកឡុកក្នុងធនាគារ Maybank

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ បានទៅបង្កអសន្តិសុខនៅក្នុងធនាគរ Maybank ដោយសារតែមិនពេញចិត្តនឹងសេវាកម្មរបស់ធនាគារ ហើយក៏ត្រូវបានប្រធានធនាគារហៅសមត្ថកិច្ចមកឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាលបឹងកេងកង១តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅធនាគារ Maybank សាខាបឹងកេងកង១ ជាប់តាមបណ្តោផ្លូវព្រះត្រសក់ផ្អែម(៦៣) កែងនឹងផ្លូវលេខ៣៣៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា បុរសបង្កហេតុខាងលើគឺជាជនជាតិអូស្ត្រាលី មុនពេលកើតហេតុ គាត់បានមកដកលុយ នៅទូATM ស្រាប់តែកាត់ថ្លៃសេវាកម្មគាត់ចំនួន៥ដុល្លារ ធ្វើឲ្យគាត់មិនសប្បាយចិត្ត ចូលទៅក្នុងសុំជួបជាមួយប្រធានក្រុមហ៊ុន។

ប្រភពដដែលបន្តទៀតថា ដោយសារតែបុរសរូបនេះខឹងសម្បារនឹងក្រុមហ៊ុន ដោយសារសន្យាដាក់ចំនួន៣០០ដុល្លារគ្រប់ចំនួន៦ខែ ទើបក្រុមហ៊ុនកាត់ថ្លៃសេវាចំនួន៥ដុល្លារ តែនេះមិនទាន់នឹងគ្រប់៦ខែផង គ្រាន់តែគាត់មកដក ស្រាប់តែកាត់លុយរបស់គាត់តែម្តង។ ក្រោយពេលមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបឹងកេងកង១ ដើម្បីធ្វើការសាកសួរបន្ថែម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner