កូរ៉េខាងត្បូង និងកូរ៉េខាងជើងប្តេជ្ញាតភ្ជាប់ផ្លូវថ្នល់ និងផ្លូវរថភ្លើងនៅឧបទ្វីបកូរ៉េ
កូរ៉េខាងត្បូង៖ គណៈប្រតិភូកូរ៉េខាងត្បូងបានចាកចេញទៅកាន់កូរ៉េខាងជើង នៅថ្ងៃពុធនេះ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសម្រាប់ការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវរភ្លើងឆ្លងកាត់ឧបទ្វីបដែលបែងចែកនេះ បើទោះបីជាកិច្ចចរចាអំពីនុយក្លេអ៊ែរបានជាប់គាំងក៏ដោយ។

រថភ្លើងពិសេសមួយដែលដឹកក្រុមកូរ៉េខាងត្បូង១០០នាក់ ដែលរួមមានមន្ត្រី៥រូប និងប្រជាជន៥នាក់ដែលកើតនៅកូរ៉េខាងជើង ត្រូវបានគេឃើញចេញពីស្ថានីយរថភ្លើងក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃពុធនេះ សម្រាប់ការធ្វើដំណើររយៈពេល២ម៉ោងទៅកាន់ទីក្រុង កេសុង ជាក្រុងជាប់ព្រំដែនរបស់កូរ៉េខាងជើង បន្ទាប់ពីកូរ៉េទាំងពីរបានបញ្ចប់ការពិនិត្យមើលផ្លូវ និងផ្លូវរថភ្លើងរួមគ្នាសម្រាប់គម្រោងនេះនៅក្នុងខែធ្នូនេះ ។

សូមបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយល់ព្រមរៀបចំពិធីនេះ នៅចុងឆ្នាំ២០១៨នេះ នៅពេលដែលពួកគេបានជួបគ្នានៅឯកិច្ចជំនួបកំពូលលើកទី៣របស់ពួកលោក នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា៕

យ៉ាងណាមិញ ការព្រួយបារម្ភបានកើតឡើងថា រថភ្លើង និងវត្ថុធាតុដើមផ្សេងទៀតដែលត្រូវបាននាំចូលប្រទេសកូរ៉េខាងជើងសម្រាប់ពិធីនេះ អាចនឹងរំលោភលើការដាក់ទណ្ឌកម្មនានាដែលដាក់លើទីក្រុងព្យុងយ៉ាង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្តល់ការលើកលែងទាំងស្ទាក់ស្ទើរចំពោះព្រឹត្តិការណ៍នេះ ៕
