ប្រធានាធិបតីសហរដ្ឋអាម៉េរិកប្រកាសឡើងវិញថា រដ្ឋាភិបាលនឹងបន្តបិទរហូតធ្វើតាមសំណើរបស់លោក

សហរដ្ឋអាម៉េរិក៖ ការបិទផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិកមិនមានពន្លឺថា នឹងមានដំណោះស្រាយទេ ដោយសារប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃអង្គារ៍នេះថា ការបិទរដ្ឋាភិបាលនឹងបន្តរហូតដល់លោកទទួលបានថវិកាដែលនៅសេសសល់ សម្រាប់សាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក។

ប្រធានាធិបតីអាម៉េរិកបាននិយាយថា ខ្ញុំមិនអាចប្រាប់អ្នកបានទេថា តើនៅពេលណារដ្ឋាភិបាលនឹងបើកវិញ​ ខ្ញុំអាចប្រាប់អ្នកថា រដ្ឋាភិបាលនឹងមិនបើកវិញទេ រហូតដល់យើងមានជញ្ជាំង ឬរបង។ លោក ត្រាំ បានអះអាងថា បុគ្គលិកសហព័ន្ធរាប់រយពាន់នាក់ដែល ត្រូវផ្អាកការងារដោយសារតែការបិទនេះ ក៏ចង់បានជញ្ជាំងដែរ ថ្វីបើខ្វះភ័ស្តុតាងគាំទ្រការអះអាងនេះក៏ដោយ។

សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ លោក ដូណាល់ ត្រាំ បានអះអាងថា គណបក្សប្រជាធិបតេយ្យត្រូវតែបញ្ចប់ការប្រឈមមុខដាក់គ្នា រីឯមេដឹកនាំប្រជាធិបតេយ្យក្នុងសភាបានស្តីបន្ទោសថា លោក ត្រាំ បានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពវឹកវរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner