ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ អញ្ជើញជាអធិបតីប្រគល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួនមួយគ្រួសារ
ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយជាសម្ភារបរិក្ខារ និងគ្រឿងឧបភោគបរិភោគ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនចំនួន១គ្រួសារ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីជួយឧបត្ថម្ភបន្ថែមពីលើផ្ទះទាមឈើ ចាក់សាបក្រោមមួយខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម និងលោកជំទាវ និងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងបណ្ដាការិយាល័យជំនាញទាំងអស់ចំណុះកងពលតូចអន្តរាគមន៍លេខ៨ទាំងមូល ដែលបានសាងសង់ឡើង ជូនជំនួសផ្ទះរបស់គាត់ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុងកាលពីឆ្នាំកន្លងទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្រី ឌឹក បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ហើយបានផ្តាំផ្ញើសូមប្អូនទាំងកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីសម្រាលនូវជីវភាពរស់នៅ និងសូមឲ្យប្អូនថែរក្សានូវសុខភាព ក្នុងការរស់នៅ ត្រូវហូបស្អាត ផឹកត្រូវមានអនាម័យ ផឹកត្រូវមានអនាម័ ពេលសម្រាកត្រូវចេះចងមុងជាប់ជាប្រចាំ។

ក្នុងឱកាសនោះដែរ សម្ភារដែលបានផ្តល់ជូនបន្ថែមពីលើផ្ទះមួយខ្នងរួមមាន ទាំងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាផ្ទាល់របស់លោកទាំងពីរចំនួន១លានផងដែរ។ ជាមួយគ្នានេះ ក៏មានការចែកជូនប្រជាពលរដ្ឋចំនួន២៣នាក់ ក្នុងម្នាក់ថវិកា១០០០០រៀល កងទ័ព២៤នាក់ ម្នាក់ទទួលបានថវិកា២ម៉ឺនរៀល ឧបត្ថម្ភជូនដល់ស្ត្រីមានផ្ទៃពោះមួយគ្រួសារ សម្រាប់សម្រាលកូនចំនួន១០០ដុល្លារ និងជួយឧបត្ថម្ភជូនគ្រួសារក្រីក្រខ្វះខាតទឹកដោះគោបំបៅកូនចំនួន៥០ដុល្លារ។

ក្នុងឱកាសនេះដែរ លោកមាស ភី និងអ្នកស្រី វ៉ៃសុខណា បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះឯកឧត្តម និងលោកជំទាវ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការនាយសេនាធិការរង តាមបណ្តាការិយាល័យជំនាញទាំងអស់ចំណុះទីបញ្ជាការកងកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ៨ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយើងខ្ញុំ ទាំងការឧបត្ថមផ្ទះស្នាក់នៅ ក៏ដូចជាសម្ភារបរិក្ខារគ្រឿងឧបភោគបរិភោគ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួបប្រទះតែនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយៈ សួនលីណា

