គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី បន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តកន្ទូម លើខ្លឹមសារ៥ចំណុច
នៅក្នុងកិច្ចប្រជុំដែលបានប្រារព្ធធ្វើឡើង ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ គណៈកម្មាធិការរណសិរ្ស
សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី បានឯកភាព និងឈានដល់ការចុះហត្ថលេខារួមលើខ្លឹមសារ៥ចំណុច ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តកន្ទូម រវាងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជាមួយឯកឧត្តម អា ពឺត អនុលេខាគណៈកម្មាធិការបក្សខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ខ្លឹមសារទាំង៥ចំណុច រួមមាន៖
១)ភាគីទាំងពីរបន្តអប់រំផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅដល់ប្រជាជនគ្រប់ជាន់ថ្នាក់នៃខេត្តទាំងពីរ ជាពិសេសគឺប្រជាជន នៅតាមព្រំដែន ស្តីពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ទូលំទូលាយ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។

២)ជំរុញដល់អាជ្ញាធរ និងស្ថាប័នមានសម្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុន វិនិយោគ និងប្រជាពលរដ្ឋនៃខេត្តទាំងពីរ ឲ្យបានយល់ដឹងអំពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និយាយរួម និងនិយាយដោយឡែក រវាងខេត្តទាំងពីរ លើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល វិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច តាមលទ្ធភាពនៃប្រទេសនីមួយៗ និងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមគោលនយោបាយ និងច្បាប់ប្រទេសទាំងពីរ។

៣)គណៈកម្មាធិការរណសិរ្សខេត្តទាំងពីរ បន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការផ្លាស់ប្តូរព័ត៌មាន ស្តីពីបញ្ហាការងាររណសិរ្ស ដើម្បីរួមគ្នា សម្របសម្រួល ដោះស្រាយ តាមរយៈបទពិសោទន៍ និតិវិធី និងច្បាប់នៃប្រទេសនីមួយៗ។
៤)គណៈកម្មាធិការរណសិរ្សនៃខេត្តទាំងពីរ បន្តដឹកនាំជំរុញមន្ទីរជំនាញ បណ្តាអង្គភាពពាក់ព័ន្ធរៀបចំអនុវត្តន៍ខ្លឹមសារកំណត់ហេតុ ដែលបានឯកភាពគ្នា ដោយប្រគល់ជូនក្រុមលេខាធិការដ្ឋានរបស់គណៈកម្មាធិការរណសិរ្សខេត្ត ធ្វើជាអ្នកសម្របសម្រួល សម្រាប់អនុវត្តន៍នូវសកម្មភាពការងារទាំងនេះ។

៥)៥ឆ្នាំម្តង ថ្នាក់ដឹកនាំរណសិរ្សនៃខេត្តទាំងពីរ អនុវត្តន៍ប្តូវេនរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃលទ្ធផលការអនុវត្តន៍ ខ្លឹមសារកិច្ចប្រជុំ ស្តីកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា និងធ្វើផែនការ សម្រាប់កិច្ចសហប្រតិបត្តិការ រយៈពេល៥ឆ្នាំម្តងទៀត។ ក្នុងរយៈពេល២ឆ្នាំកន្លះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្សនៃខេត្តទាំង២ ឯកភាពគ្នារៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល តាមបែបប្តូរវេន ដើម្បីផ្លាស់ប្តូរវាយតម្លៃស្ថានភាព និងអនុវត្តន៍បណ្តាខ្លឹមសារដែលបានចុះហត្ថលេខា៕
ដោយៈ គតិ យុត្ត






