សហរដ្ឋអាម៉េរិកឈានដល់ការចុះហត្ថលេខាដកកងទ័ពចេញពីប្រទេសស៊ីរីហើយ

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានសម្រេចអនុម័តលើបទបញ្ជាដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរីហើយ ដើម្បីឆ្លើយតបតាមការចង់បានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះជាសម្ព័ន្ធមិត្តរបស់ខ្លួនបង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តនេះក៏ដោយ។

កាលពីសប្ដាហ៍មុន សេតវិមានរបស់លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងដកទ័ពចេញពីស៊ីរី នៅរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ក្រោមហេតុផលពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ត្រូវបានកម្ចាត់ ហើយថា វានឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ក្រុមចម្រុះអន្តរជាតិប្រឆាំងនឹង ISIS នោះទេ។

ប៉ុន្តែជាមួយគ្នានោះ សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាម៉េរិក និងក្រុមអ្នកនយោបាយអាម៉េរិកមួយចំនួនក៏បានសម្ដែងការសោកស្ដាយជាខ្លាំង ព្រោះទង្វើនេះ អាចនឹងបំផ្លាញដល់ផលប្រយោជន៍សន្តិសុខជាតិអាម៉េរិក ហើយទុកឱកាសឱ្យរុស្ស៊ី និងអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា កងទ័ពអាម៉េរិកប្រមាណជាង២,០០០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដើម្បីជួយក្រុមឧទ្ទាមស៊ីរីប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ក៏ដូចជាកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់គាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner