នាយករដ្ឋមន្ត្រីវៀតណាមដាក់គោលការណ៍អាទិភាពចំនួន៥ឲ្យកងទ័ពអនុវត្ត ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ
វៀតណាម៖ នាឱកាសប្រារព្ធខួបនៃការបង្កើតកងទ័ពវៀតណាមលើក៧៤ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួន ហ្វុក នៅថ្ងៃទី២២ ខែធ្នូនេះ បានរម្លឹកពីគុណបំណាច់របស់អតីតមេដឹកនាំកំពូលប្រទេសខ្លួន គឺលោកប្រធានាធិបតី ហូ ជីមីញ ដែលបានបង្កើតចលនារំដោះជាតិ និងជាតួអង្គពីក្រោយនៃភាពរឹងមាំរបស់កងទ័ពវៀតណាមបច្ចុប្បន្ន។

ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានស្នើឲ្យកងទ័ពផ្តោតសំខាន់លើគោលការណ៍អាទិភាពចំនួន៥ ដើម្បីអនុវត្តកាតព្វកិច្ចប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបតាមសម័យកាលបច្ចុប្បន្ន។ គោលការណ៍ទី១ និងទី៣ ពាក់ព័ន្ធនឹងមន្ត្រី និងកងទ័ពគ្រប់លំដាប់ថ្នាក់ ត្រូវតែជ្រាបច្បាស់ពីគោលគំនិតរបស់បក្ស ហើយអនុវត្តការងារឲ្យស្របតាមសេចក្តីសម្រេចរបស់បក្ស ខណៈគោលការណ៍ទី២ លោកចង់ឃើញកងទ័ពវៀតណាមធានាពីគុណភាពហ្វឹកហ្វឺន និងសមត្ថភាពក្នុងការការប្រយុទ្ធ។

សម្រាប់គោលការណ៍ទី៤ លោកក៏ស្នើឲ្យកងទ័ពប្រតិបត្តិការងារ ធ្វើយ៉ាងណាឲ្យទទួលបានការទុកចិត្ត និងគោរពស្រលាញ់ពីប្រជាជន ខណៈគោលការណ៍ចុងក្រោយ លោកចង់ឲ្យកងទ័ពចេះសម្របខ្លួនជាមួយនឹងសមាហរណកម្មអន្តរជាតិ ដើម្បីលើកមុខមាត់ប្រទេស ជាពិសេសវិស័យការពារក្នុងឆាកអន្តរជាតិ។

សម្រាប់ការទូតលើវិស័យការពារជាតិវិញ លោកនាយករដ្ឋមន្ត្រីបានប្រាប់កងទ័ពឲ្យផ្តោតលើកិច្ចការអាទិភាពខ្ពស់ ជាមួយនឹងប្រទេសដែលមានព្រំដែនជាប់វៀតណាម ពង្រឹងទំនាក់ទំនងជាមួយនឹងមហាអំណាចពិភពលោក និងថែរក្សាទំនាក់ទំនងជាមួយនឹងសមាជិកអាស៊ានឲ្យបានល្អជាដើម ៕
