អាជ្ញាធរខេត្តព្រះសីហនុប្រើវិធានការក្តៅលើការដ្ឋានសំណង់ដែលបង្កឲ្យប៉ះពាល់បរិស្ថាន សណ្តាប់ធ្នាប់តាមដងផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងចម្រុះ និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យសកម្មភាព អនាម័យ បរិស្ថាន និងការរៀបចំសណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តប្រើប្រាស់គោលនយោបាយទន់ភ្លន់ គឺធ្វើការអប់រំផ្សព្វផ្សាយណែនាំជូនដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ឲ្យមានការចូលរួមសហការជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីធានាសុវត្ថិភាពនបរិស្ថានទីក្រុងទេសចរណ៍។ រដ្ឋបាលខេត្តមានវិធានការណ៍ចំនួនពីរ ទី១)ការផ្សព្វផ្សាយអប់រំ ណែនាំ និងទី២)វិធានការរដ្ឋបាល គឺផាកពិន័យ ឬផ្អាកការដ្ឋានសំណង់ណា ដែលមិនបានចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត។

ទន្ទឹមនោះឯកឧត្តម យន្ត មីន ក៏បានធ្វើការដាស់តឿនដល់មេភូមិ ចៅ សង្កាត់ ដែលជាអ្នកនៅផ្ទាល់ក្នុងមូលដ្ឋាន ត្រូវទទួលខុសត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឬម្ចាស់ការដ្ឋានសំណង់ដែលយកផ្លូវសាធារណដាក់សម្ភារ សំណង់ ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់។ ប្រសិនបើប្រជាពលរដ្ឋ និងម្ចាស់ការដ្ឋានមិនបានចូលរួមសហការ ត្រូវរាយការណ៍មកក្រុង-ខេត្ត ចាត់វិធានការ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន អនាម័យ និងចូលរួមការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋ និងម្ចាស់ការដ្ឋានសំណង់នានា ត្រូវចូលរួមសហការសម្អាតបរិស្ថាននៅតាមលំនៅឋាន និងមុខការដ្ឋានរៀងៗខ្លួន ដើម្បីសោភណ្ឌភាពទីក្រុងទេសចរណ៍៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner