តម្លៃប្រេងលើពិភពលោកនឹងមានតុល្យភាពឡើងវិញ នៅដើមឆ្នាំ២០១៩

បរទេស៖ ក្រុមរដ្ឋមន្ត្រីទទួលបន្ទុកប្រេងរបស់បណ្តាប្រទេសនៃសមាជិកនាំចេញប្រេងពិភពលោក OPEC (អូប៉ិក) បានអះអាងកាលពីម្សិលមិញថា តម្លៃប្រេងនឹងមានតុល្យភាពវិញ នៅដើមឆ្នាំ២០១៩ ពោលគឺនៅពេលដែលកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយផលិតកម្មថ្មីនឹងមានចូលជាធរមាននោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ តម្លៃប្រេងបានធ្លាក់ចុះច្រើនជាង៣៦ភាគរយ ចាប់តាំងពីដើមខែតុលា ក្នុងនោះតម្លៃលើទីផ្សារ មាន៥៤ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល ដោយសារតែការផ្គត់ផ្គង់លើសលប់ ហើយតម្រូវការពិភពលោកថយចុះ។

ប៉ុន្តែលោក Suhail al-Mazrouei ប្រធានអូប៉ិក និងរដ្ឋមន្ត្រីថាមពលនៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា ការផ្គត់ផ្គង់ប្រេងនៅសល់លើទីផ្សារមានទំហំតូចនៅឡើយ បើធៀបនឹងឆ្នាំ២០១៧ ហើយរំពឹងថា នឹងលែងសល់ទៀត ក្នុងរយៈពេល១ឬ២ខែទៀត។

លោក Mazrouei បានប្រាប់អ្នកសារព័ត៌មាន នៅក្រុងគុយវ៉ែតថា «ដោយយោងតាមតួលេខអាចជឿទុកចិត្តបាន គឺថា ពួកយើងមាននៅសល់ប្រមាណ២៦លានបារ៉ែល បើធៀបនឹងដើមឆ្នាំ២០១៧ គឺមានរហូតដល់៣៤០លានបារ៉ែលឯណោះ»។ លោកបន្តថា «ខ្ញុំគិតថា ពួកយើងអាចធ្វើវាបានយ៉ាងងាយស្រួល ក្នុងការដោះស្រាយបញ្ហាសល់នេះ ហើយអាចមានតុល្យភាពទីផ្សារឡើងវិញ ក្នុងរយៈពេល១ឬ២ខែទៀត ពោលគឺក្នុងត្រីមាសដំបូងនៃឆ្នាំក្រោយ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner