ជប៉ុនដកខ្លួនពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិ IWC ដើម្បីបន្តការនេសាទត្រីបាឡែនឡើងវិញ
ជប៉ុន៖ ប្រទេសជប៉ុនសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិហៅកាត់ថា (IWC) ដើម្បីបន្តការនេសាទត្រីបាឡែនឡើងវិញដែលនេះជាលើកដំបូងហើយ ក្នុងរយៈពេលប្រហែល៣០ឆ្នាំចុងក្រោយនេះ។ ដើម្បីចាកចេញពីអង្គការ IWC នៅឆ្នាំ២០១៩នោះ ជប៉ុន ត្រូវជូនដំណឹងដល់គណៈកម្មការនេសាទនេះ នៅថ្ងៃទី០១ ខែមករា ដើមឆ្នាំក្រោយ។

ការសម្រេចចិត្តដែលនឹងត្រូវប្រកាសជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ ធ្វើឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នារាប់ទសវត្សរ៍រវាងសមាជិកគាំទ្រ និងប្រឆាំងនៃគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិនេះ ។ វាជាការកម្រណាស់សម្រាប់ប្រទេសជប៉ុនដកខ្លួនចេញពីអង្គការអន្តរជាតិណាមួយនោះ ហើយការដកខ្លួននេះអាចបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសប្រឆាំងការនេសាទត្រីបាឡែន។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលក្រុងតូក្យូកំពុងពិចារណាការអនុញ្ញាតនេសាទត្រីបាឡែន ជាពាណិជ្ជកម្មនៅតំបន់សមុទ្រនៅជិតប្រទេសជប៉ុន និងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ប៉ុន្តែមិនមានគម្រោងធ្វើការនេសាទនៅមហាសមុទ្រអង់តាក់ទិកឡើយ ជាទីដែលខ្លួនបានធ្វើការនេសាទត្រីបាឡែនសម្រាប់អ្វីដែលពួកគេហៅថា ជាគោលបំណងស្រាវជ្រាវវិទ្យាសាស្ដ្រ៕


