រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបិទនៅពាក់កណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈសភាលើកពេលប្រជុំដោយមិនមានកិច្ចព្រមព្រៀង
សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិកបានលើកពេលប្រជុំនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយមិនបានអនុម័តកិច្ចព្រមព្រៀងពិសេសមួយ ដែលវានឹងនាំដល់ការបិទរដ្ឋាភិបាលមួយផ្នែកនៅពាក់កណ្តាលយប់ថ្ងៃដដែល ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រុមសមាជិកសភានៅតែខ្វែងគំនិតគ្នា អំពីថវិកាសង់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក។ ដំណើរការនៅទីភ្នាក់ងារសំខាន់ៗជាច្រើន នឹងត្រូវបញ្ឈប់នៅប៉ុន្មានម៉ោងដំបូងនាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ បើទោះជាមានកិច្ចពិភាក្សានៅនាទីចុងក្រោយ ដែលត្រូវបានបន្តនៅវិមានកាពីតូលរបស់សភារវាងមន្ត្រីសេតវិមាន និងក្រុមមេដឹកនាំសភាមកពីគណបក្សទាំងពីរ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងរកថវិកា៥ពាន់លានដុល្លារសម្រាប់សាងសង់របងមួយនៅព្រំដែនអាម៉េរិក និងម៉ិកស៊ិក តែក្រុមបក្សប្រជាធិបតេយ្យបានបដិសេធថវិកានេះ និងការមិនមានកិច្ចព្រមព្រៀងមានន័យថា មូលនិធិសហព័ន្ធសំរាប់បណ្តាទីភ្នាក់ងារមួយចំនួន នឹងត្រូវអស់នៅពាក់កណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះ។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាតើការបិទនេះ នឹងមានរយៈពេលយូរប៉ុណ្ណាទេ តែស្ថានភាពមើលទៅអាក្រក់ ដោយនិយោជិតសហព័ន្ធរាប់ពាន់នាក់នឹងធ្វើការដោយគ្មានប្រាក់កម្រៃឈ្នួលនៅមុនបុណ្យគ្រីស្តម៉ាស៕ម.ន



