រថយន្តស៊េរីទំនើប បើកលឿនដូចហោះជ្រុលទៅបុករថយន្ត និងបង្គោលភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតទាំងព្រឹក
ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី២នាក់បើករថយន្តម៉ាកRange Robver ទៅបុករថយន្ត Highlander ពីក្រោយរួចរេចង្កូតទៅបុកនឹងបង្គោលភ្លើងស្តុបបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ តែជនជាតិចិនទាំង២នាក់ខាងលើរងរបួសស្រាលរួចចុះពីរថយន្តឡើងរ៉ុកម៉ក់កង់បីគេចខ្លួនបាត់ស្រមោល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលព្រឹកព្រលឹម ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសុរាម្រឹត កែងនឹងផ្លូវសុធារស ត្រង់ចំណុចផ្លូវបំបែកស្តុបនាគបាញ់ទឹក ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក Highlander ពណ៌ខ្មៅស្លាកលេខភ្នំពេញ2I-1674 បើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីកើតទៅលិច ពេលដែលមកដល់ចំណុចស្តុបនាគបាញ់ទឹក ដែលជាចំណុចកើតហេតុខាងលើ រថយន្ត Highlander បានឈប់ស្តុប ស្របពេលនោះស្រាប់តែមានរថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2S-0777 ធ្វើដំណើរមានជនជាតិចិនប្រុសស្រី២នាក់ ក្នុងទិសដៅពីកើតទៅលិចស្របគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រ័យត្នមិនបានគោរពភ្លើងសញ្ញា ក៏បានជ្រុលទៅបុករថយន្ត Highlander ពីក្រោយ រួចក៏បានរ៉េចង្កូត ទៅបុកនឹងបង្គោលភ្លើងស្តុប (ផលិតផលមកពីប្រទេសជប៉ុន) បណ្តាលឲ្យរថយន្ត Range Rover ផ្ទុះពងការពារសុត្ថិភាព រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងទៅមុខលែងរួច ហើយជនជាតិចិនទាំង២នាក់រងរបួសស្រាលព្រមទាំងបានឡើងរុឺម៉កកង់បីគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ រួមមានឯកសារមួយចំនួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីអោយម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕


