កម្មវិធីមហោស្រពខ្លែងខ្មែរលើកទី២២ រៀបចំឡើងនៅខេត្តស្វាយរៀង មានខ្លែងចូលរួមបង្ហោះចំនួន៥៩
ដោយមានការសហការរវាងរដ្ឋបាលខេត្តស្វាយរៀង និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំកម្មវិធីមហោស្រពខ្លែងឯកខ្មែរលើកទី២២ នៅបរិវេណតារាងបាល់ទាត់វិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាលក្រុង-ស្រុក អស់លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត សិស្សានុសិស្ស គរុសិស្ស ប្រជាពលរដ្ឋ ចូលរួមទស្សនាប្រមាណ៦០០នាក់។

សូមបញ្ជាក់ថា បើយោងតាមកម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានលើកឡើងថា ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សារភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិ សម្រាប់បម្រើការរស់នៅ និងការកម្សាន្ត។

ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនគ្រាន់តែជាពិធីមួយ ធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយ សម្រាប់គោរពបូជាដល់សាសនាសំខាន់ទាំងពីរផងដែរ ដែលប្រជាជនខ្មែរធ្លាប់ជឿ និងគោរពតាំងពីដើមរៀងមក គឺព្រាហ្មសាសនា និងព្រះពុទ្ធសាសនា។ សម្រាប់ខ្លែង ដែលមកចូលរួមក្នុងមហោស្រពនេះ មានចំនួន៥៩ខ្លែង មកពីតាមបណ្តាខេត្ត រាជធានី ទូទាំងប្រទេស ហើយចំពោះខ្លែង ដែលទទួលបានជ័យលាភី ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត និងប័ណ្ណកិត្តិយសមួយផងដែរ៕


