ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដែលជាមធ្យម៧,៧% ដោយផ្អែកទៅលើសសរស្តម្ភសំខាន់៤

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៥ ស្តីពី “ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា” នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៧ កន្លងទៅ ប្រធានបទនៃសន្និសីទរបស់យើងផ្តោតទៅលើ “តួនាទីរបស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា” ហើយនៅឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកប្រធានបទ “ការពង្រីក ប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា” ក្នុងគោលបំណងបង្កើនការស្រាវជ្រាវលើការវិភាគលើសក្តា នុពលសេដ្ឋកិច្ចដែលអាចរួមចំណែកក្នុងការរក្សាកំណើនប្រកបដោយចីរភាព។

លោកជំទាវ បន្តថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ និងរឹងមាំ ដែលជាមធ្យម ៧,៧%។ កំណើនសេដ្ឋកិច្ច ត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា ៧,៣% នៅឆ្នាំ២០១៨។ ប៉ុន្តែកំណើននេះ នៅមានមូលដ្ឋានតូចនៅឡើយ ដែលផ្អែកទៅលើសសរស្តម្ភតែបួនរួមមាន វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។ វិស័យកាត់ដេរ និងសំណង់ មានការរីកចម្រើនខ្លាំង ដែលស្របពេលជាមួយគ្នានេះ វិស័យទេសចរណ៍ក៏មានសន្ទុះរីកចម្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្មាំចុងក្រោយនេះ។

ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា បានកើនឡើង យ៉ាងគំហុក ពីត្រឹម ៤,២ លាននាក់ នៅឆ្នាំ២០១៣ ដល់ ៦,២ លាននាក់ នៅឆ្នាំ២០១៨។ ចំណែកវិស័យកសិកម្មវិញ បើទោះជាចំណែកនៃវិស័យនេះក្នុងផលទុនក្នុងស្រុក សរុបមានការថយចុះជាលំដាប់ក្នុងរយៈពេល ២ទស្សវត្សរ៍ចុងក្រោយនេះ វិស័យនេះ នៅតែបន្តរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

វិស័យនេះ ស្រូបយកកម្លាំងពលកម្មប្រមាណ ៣៧% នៃកម្លាំងពលកម្មសរុប ហើយប្រជាជនប្រមាណ៧០% នៅតំបន់ជនបទពឹងផ្អែកលើវិស័យនេះ។ បច្ចុប្បន្ន ទិន្នផលកសិកម្មកម្ពុជា ជាពិសេសដំណាំស្រូវ នៅមានកម្រិតទាបជាងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែយើងសង្កេត ឃើញថាទិន្នផលមានការកើនឡើងជាលំដាប់ ដោយសារការពង្រីក និងការធ្វើឱ្យប្រសើរ ឡើងនូវសេវាគាំទ្រកសិកម្មដល់កសិករ ដូចជាការផ្សព្វផ្សាយបច្ចេកទេសដាំដុះថ្មីៗ ការចែកចាយគ្រាប់ពូជ ជី និងសម្ភារកសិកម្មជាដើម។

លោកជំទាវ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា ជាកត្តាចាំបាច់ក្នុងការកាត់បន្ថយភាពងាយ រងផលប៉ះពាល់ និងធានាកំណើនប្រកបដោយភាពរឹងមាំ។ ប៉ុន្តែការរក្សាសសរស្តម្ភទ្រទ្រង់ ទាំងបួនឱ្យមានភាពរឹងមាំគួរប្រព្រឹត្តទៅស្របពេលជាមួយការពង្រីកប្រភពកំណើននេះ។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ ប្រធានបទចំនួន៣នឹងយកមកពិភាក្សា៖ ការជំរុញវិស័យកសិកម្ម ការប្រើប្រាស់សក្តានុពលទេសចរណ៍ និងការរៀបចំ កម្លាំងពលកម្មសំរាប់ពេលអនាគត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner