ប្រជាពលរដ្ឋខេត្តព្រះវិហារ លែងមានជំនឿលើតុលាការខេត្តព្រះវិហារ រឿងជនសង្ស័យអ្នកចែកចាយត្រូវបានតុលាការចេញដីកាសម្រេចមិនឃុំខ្លួន តែបែរជាឃុំខ្លួនអ្នកសេពគ្រឿងញៀនទៅវិញ
ព្រះវិហារ៖ តុលាការខេត្តព្រះវិហារ ត្រូវបានសង្ស័យថា កំពុងតែធ្វើឲ្យរាស្ត្រវិលក្បុង លែងមានជំនឿលើយុត្តិធម៌អស់ហើយ ដោយសារថា មេជួញដូរគ្រឿងញៀនទាំងមូល ត្រូវតុលាការចេញដីកាសម្រេចមិនឃុំខ្លួន តែបែរជាឃុំខ្លួនអ្នកសេពគ្រឿងញៀនទៅវិញ តើនេះឬដែលគេថា តុលាការខេត្តព្រះវិហារ មានយុត្តិធម៌?
តាមពិតទៅ វាជានីតិវិធីរបស់តុលាការមួយនេះ ខាងព័ត៌មានគ្មានអ្វីពាក់ព័ន្ធឡើយ ចង់ខាងតុលាការសម្រេចឃុំខ្លួន ឬដោះលែងនរណាក៏បាន ពីព្រោះវា ជាឆន្ទានុសិទ្ធិផ្តាច់មុខទៅហើយ។ គិតដល់ចំណុចនេះ គេនឹកខ្លោចចិត្តអាណិតដល់កងកម្លាំងសមត្ថកិច្ចមួយចំនួន ដែលខិតខំទាំងត្រដរ ប្រឹងប្រែងមិនគិតយប់ថ្ងៃ នឿយហត់ លំបាក គ្រោះថ្នាក់អ្វីឡើយ ធ្វើយ៉ាងណាចាប់ឲ្យបានពួកមេខ្លោងទុច្ចរិតជួញដូរគ្រឿងញៀន ដែលបំផ្លាញគោលការណ៍ភូមិឃុំមានសុវត្ថិភាព។
ប៉ុន្តែនៅពេលកម្លាំងចាប់បាន ហើយកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការ មិនបានប៉ុន្មានផង ស្រាប់តែលេចមុខពួកជនទុច្ចរិតទាំងនោះ ចេញមកធ្វើសកម្មភាពជួញដូរ ដូចដដែលៗ។ តើនរណាមិនឆ្ងល់ តើរាស្ត្រទន់ខ្សោយរំពឹងទៅលើយុត្តិធម៌បានដោយរបៀបណា បើម្លឹងៗ។ គេនៅចាំបានថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចាប់ខ្លួនជនសង្ស័យចំនួន៨នាក់ ករណីចែកចាយ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យទី១)ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ទី២)ឈ្មោះ ឌី ធារុន ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីររស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ទី៣)ឈ្មោះ រឿន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ទី៤)ឈ្មោះ ទៀប សុធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ទី៥)ឈ្មោះ ផន អ៊ិ ភេទប្រុស អាយុ១៩ឆ្នាំ ទី៦)ឈ្មោះ ម៉ៅ ភារិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ គោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ទី៧)ឈ្មោះ មាន បាន ភេទប្រុស អាយុ៣៩ឆ្នាំ និងទី៨)ឈ្មោះ សួ រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយឆែកឆេរ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច ម៉ូតូចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារសម្រាប់ជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ហើយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការខេត្តព្រះវិហារ។
ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ លោក ទៀប ស៊ីថា បានសម្រេចដោះលែងឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពោល គឺមិនឃុំខ្លួន ដែលប្រជាពលរដ្ឋស្គាល់ច្បាស់ថា ជាមេខ្លោងជួញដូរគ្រឿងញៀននោះ យ៉ាងរំភើយ ដូចបាយឡុកបាយឡទៅវិញ។
ពាក់ព័ន្ធបញ្ហានេះ នៅថ្ងៃទី១៩ ខែធ្នូ ភ្នាក់ងារអង្គភាពសារព័ត៌មាន មិនអាចទាក់ទងទៅខាងតុលាការខេត្តព្រះវិហារ បានឡើយដោយសារគ្មានលេខទូរសព្ទ ដើម្បីស្នើសុំបកស្រាយសំណួរថា តើហេតុអ្វីបានជាមេចែកចាយគ្រឿងញៀនទាំងមូល តុលាការសម្រេចមិនឃុំខ្លួន រីឯអ្នកផ្សេងទៀត ដែលត្រូវចាប់ខ្លួនជាមួយគ្នា បែរជាជាប់ឃុំ ខណៈសមត្ថកិច្ចអះអាងថា អ្នកទាំងនោះជាជនសេពគ្រឿងញៀន ឬអាចហៅបានថា ជនរងគ្រោះគ្រឿងញៀន៕