កូរ៉េខាងជើងអះអាងថា ខ្លួននឹងមិនរំលាយចោលអាវុធនុយក្លេអ៊ែរឡើង បើសហរដ្ឋអាម៉េរិកមិនដកចេញការគំរាម
កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍តនេះថា ខ្លួននឹងមិនបោះបង់ចោលសព្វាវុធនុយក្លេអ៊ែរជាឯតោភាគីឡើយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនដកចេញការគំរាមវាយប្រហារនុយក្លេអ៊ែរជាមុននោះ។
សេចក្តីថ្លែងការណ៍ចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ត្រូវបានធ្វើឡើងចំពេលមានការជាប់គាំងកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើងស្តីពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរ និងការដកចេញទណ្ឌកម្មអន្តរជាតិ និងចំពេលប្រេសិតពិសេសរបស់ទីក្រុងវ៉ាស៊ីនតោនបានទៅដល់កូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីដំណើរការចរចានេះ។
លោក ត្រាំ និងលោក គីម បានជួបពិភាក្សាគ្នាកាលពីថ្ងៃ១២ ខែមិថុនាកន្លងទៅ នៅប្រទេសសិង្ហបុរី ដែលចេញពីទីនោះ ពួកលោកបានបង្ហាញបំណងរំលាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ តែមិនបានបញ្ជាក់ថាពេលណា និងត្រូវអនុវត្តរបៀបណាទេ។
កិច្ចចរចាអាវុធនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើងបានជាប់គាំងចាប់តាំងពីជំនួបរវាងលោក ត្រាំ និងលោក គីម ខណៈអាម៉េរិកចង់ឱ្យកូរ៉េខាងជើងផ្តល់ព័ត៌មានលម្អិតអំពីទីតាំងនុយក្លេអ៊ែរ និងមីស៊ីលសំរាប់អធិការកិច្ច និងរំលាយចោលនៅក្រោមកិច្ចព្រមព្រៀងណាមួយពេលខាងមុខ គ្រាដែលកូរ៉េខាងជើងចង់ឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍នេះ កូរ៉េខាងជើងបានអះអាងជាថ្មីអំពីជំហររបស់ខ្លួនក្នុងការរំសាយចោលអាវុធនុយគ្លេអ៊ែរ ហើយបានចោទប្រកាន់អាម៉េរិកថា យល់ខុសអំពីអ្វីដែលបានព្រមព្រៀងគ្នានៅប្រទេសសិង្ហបុរី៕