រថយន្តតួរីសបុកជាមួយម៉ូតូពីរគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តតួរីស១២កៅអីបុកជាមួយម៉ូតូ២គ្រឿង បណ្ដាលឲ្យបុរសម្នាក់ធ្លាយពោះវៀនចេញក្រៅស្លាប់ និងមនុស្សក្មេងចាស់៣នាក់រងរបួសធ្ងន់ស្រាល ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវទួលពង្រ ក្បែរវត្តកំពែង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ និងកូនមានគ្នា៣នាក់ជិះម៉ូតូម៉ាកឌ្រីម១២៥ ពណ៌ខ្មៅឌុបគ្នា រួមទាំងរថយន្តតួរីសមួយគ្រឿងបានធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវទួលពង្រទិសដៅឆ្ពោះពីផ្លូវវេងស្រេងឡើងមកផ្លូវព្រៃស មកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ជិះម៉ូតូអូសរ៉ឺម៉កយ៉ាងលឿនទិសដៅបញ្ច្រាស់គ្នា ហើយពេលនោះម៉ូតូអូសរ៉ឺម៉កបានព្យាយាមជិះវ៉ារថយន្តផ្សេងក៏ដាច់កងម្ខាងទាញចូលចំណែកផ្លូវគេ ក៏ជ្រុលបុកចំក្បាលរថយន្តតួរីសយ៉ាងទំហឹងបណ្តាលឲ្យម្ចាស់រ៉ឺម៉កធ្លាយពោះវៀនចេញក្រៅស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ចំណែករថយន្តបានបួងចង្កូតគេចជ្រុលបុកម៉ូតូមួយគ្រឿងជិះដោយប្តីប្រពន្ធនិងកូន បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ សពជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកសាច់ញាតិ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងអូសយកសម្ភារ និងតៃកុងរថយន្តតួរីស ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវទំនាកទំនងទៅសាច់ញាតិដើម្បីធ្វើលិខិតឲ្យដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner