ជនសង្ស័យ៣នាក់ចូលគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវម្ចាស់ទាន់ ចាប់បានម្នាក់
ភ្នំពេញ៖ ប្រជាពលរដ្ឋព័ទ្ធចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ពេលដែលពួកគេធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចសម្ភារ ហើយត្រូវបានម្ចាស់គេមកទាន់។ ក្នុងហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧មករា ភូមិអង្លងគង់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសម្ដីស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូបដោយចាក់សោទ្វារផ្ទះចោល លុះពេលត្រឡប់មកវិញ ឃើញជនសង្ស័យ២នាក់ឈរយាមនៅខាងមុខផ្ទះគាត់ ភ្លាមៗនោះគាត់ក៏ឆោរឡោឡើង បង្កឲ្យជនសង្ស័យ២នាក់រត់គេចខ្លួនបាត់ ចំណែកជនសង្ស័យម្នាក់ទៀត ដែលកំពុងសង្ងំកកាយលួចសម្ភារក្នុងផ្ទះ គាត់ និងប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស។

គាត់បន្តថា ផ្ទះរបស់គាត់មិនមែនលើកទី១មួយទេ ដែលត្រូវចោរគាស់យកសម្ភារ នេះគឺជាលើកទី៣ហើយ ប៉ុន្តែសំណាងលើកនេះ គាត់មកទាន់ក៏ចាប់បានជនសង្ស័យតែម្តងទៅ។ ក្រោយមានករណីនេះ កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស បានចុះដល់ទីតាំងកើតហេតុ និងនាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកពីរនាក់ទៀតយកមកផ្តន្ទាទោសតាមច្បាប់៕
