អាកាសយានដ្ឋានអន្តរជាតិកម្ពុជារំពឹងថា នឹងទទួលទេសចរបាន១០លាននាក់នៅដំណាច់ឆ្នាំ២០១៨នេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រោយពីការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យល្អប្រសើរឡើងនូវសេវាកម្មរបស់ខ្លួន អាកាសយានដ្ឋានកម្ពុជារំពឹងថា ភ្ញៀវទេសចរដែលធ្វើការហោះហើរក្នុងស្រុក និងក្រៅស្រុកតាមអាកាសយានដ្ឋានអន្តរជាតិទាំងបី គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងឈានដល់១០លាននាក់នៅដំណាច់ឆ្នាំ២០១៨ខាងមុខនេះ។

លោក Éric DELOBEL នាយកប្រតិបត្តិនៃអាកាសយានដ្ឋានកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា កាលពីឆ្នាំ២០១៧ យើងទទួលបានអ្នកធ្វើដំណើរ៨,៨លាននាក់ តែក្នុងឆ្នាំ២០១៨នេះ យើងបានដាក់គោលដៅថ្មី គឺយើងនឹងទទួលស្វាគមន៍អ្នកធ្វើដំណើរជាង១០លាននាក់។ លោកបន្តថា នៅក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប បានស្វាគមន៍ភ្ញៀវទេសចរ ជាមធ្យមគឺ៤លាន៤សែននាក់ ហើយបានធ្វើការហោះហើរទៅកាន់៥៥ គោលដៅ និង៧០០ជើងហោះហើរជារៀងរាល់សប្តាហ៍។ ១៧ភាគរយនៃផលិតផលជាតិសរុបចាប់់ពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ គឺទទួលបានពីអាកាសយានដ្ឋានអន្តរជាតិ ហើយបានបង្កើតការងារចំនួន១លាន៧សែនការងារ ដែលស្មើនឹង២០ភាគរយនៃចំនួនប្រជាជនដែលមានការងារធ្វើ។

យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងទេសចរណ៍ ចេញផ្សាយការពីខែតុលាកន្លង ទៅ បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិតាមអាកាសចូលមកកម្ពុជាមានចំនួនជាង៣លាននាក់ក្នុងឆ្នាំ២០១៨ និង២លាននាក់ជាងក្នុងឆ្នាំ២០១៧ ហើយភ្ញៀវទេសចរដែលធ្វើដំណើរតាមអាកាសចេញ ទៅក្រៅប្រទេសមានសរុបជាង៦លាននាក់ក្នុងឆ្នាំ២០១៨ និង៥លាននាក់ក្នុងឆ្នាំ២០១៧។ ភ្ញៀវទេសចរចិនស្ថិតក្នុងលំដាប់ថ្នាក់លេខ១។

កាលពីខែ វិច្ឆិកាកន្លងទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសម្រេចការជួសជុលទ្រង់ទ្រាយធំនូវផ្លូវសម្រាប់យន្តហោះធ្វើការរត់ ដែលអស់ទឹកប្រាក់១២លានដុល្លារប្រវែង៣,០០០ម៉ែត្រជាស្ថាពរ ដើម្បីស្វាគមន៍ការកើនឡើងនៃការហោះហើរ។ វិស័យទេសចរណ៍ គឺជាផ្នែកមួយដែលជួយរកចំណូលមួយផ្នែកធំដល់ប្រទេសកម្ពុជា ក្រៅពីវិស័យកាត់ដេរ សំណង់ និងកសិកម្ម។បើតាមក្រសួងទេសចរណ៍ វិស័យដ៏សំខាន់នេះ បានផ្តល់ប្រាក់ចំណូលចូលរដ្ឋជារួមប្រមាណ ជា៣ពាន់លានដុល្លារដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ហើយចំនួននេះ មានការកើនឡើងជាង១៣ភាគរយបើធៀបទៅឆ្នាំ២០១៦៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner