សម្ដេច ស ខេង៖ ទោះបីកម្ពុជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ក៏ដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ
នៅចំពោះមុខអនុប្រធានសភានៃសាធារណរដ្ឋបារាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីកម្ពុជាស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ក៏កម្ពុជានៅតែបន្ដអនុវត្តដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះគោលនយោបាយកម្ពុជា បាននាំឲ្យកម្ពុជាមានសុខសន្ដិភាពដល់សព្វថ្ងៃ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមSylvain Waserman អនុប្រធានសភានៃសាធារណរដ្ឋបារាំង នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេច ស ខេង មានប្រសាសន៍ថា “កម្ពុជាទោះបីនៅក្នុងស្ថានកាលណាក៏ដោយ គឺផ្អែកទៅលើប្រវត្តិសាស្ដ្រជាច្រើនរបស់កម្ពុជា គឺកម្ពុជានៅតែបន្ដអនុវត្ត នឹងដើរតាមនៃមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះនេះ គឺជាមាគ៌ានយោបាយមួយដែលនាំទៅដល់សុខសន្ដិភាពនៅកម្ពុជា គឺកម្ពុជាមិនអាចងាករេ ពីមាគ៌ានៃនយោបាយនេះបានឡើយ”។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-បារាំង ពិតជាមានសារៈសំខាន់ដោយផ្អែកទៅលើទំនាក់ទំនងជាប្រវត្តិសាស្ដ្រ។ លោករដ្ឋមន្ដ្រីក៏អរគុណបារាំងក្នុងការជួយដល់ការអភិរក្សបេតិកភណ្ឌរបស់កម្ពុជា ដូច្នេះនេះគឺជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តមSylvain Waserman លើកឡើងថា គោលបំណងធំៗចំនួន៣ដែលលោកមកទស្សនាកិច្ចនៅកម្ពុជា រួមមាន៖ទី១-ពង្រឹងទំនាក់ទំនងរវាងសភាកម្ពុជា-សភាបារាំង , ទី២-ជួបពិភាក្សាការងារជាមួយ ផ្នែកពាក់ព័ន្ធក្នុងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងការគាំទ្របេតិកភណ្ឌរបស់កម្ពុជា និងទី៣-ការអនុវត្តកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-សភាបារាំង៕