មន្ទីររ៉ែខេត្តកណ្តាល ចុះផ្អាករណ្តៅដីមួយកន្លែងដែលមិនគោរពច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ ដើម្បីជំរុញឲ្យម្ចាស់រណ្តៅដីនីមួយៗគោរពច្បាប់លើការដឹកជញ្ជូនសារធាតុរ៉ែនោះ មន្ទីររ៉ែខេត្តកណ្តាលបានឲ្យមន្ត្រីរបស់ខ្លួនចុះពិនិត្យ និងស្រាវជ្រាវរកទីតាំងរណ្តៅដែលល្មើសច្បាប់រួចចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកបណ្តោះអាសន្នចំនួន៧ថ្ងៃ ទើបអនុញ្ញាតឲ្យដំណើរការអាជីវកម្មវិញ។ 

ជាក់ស្តែងរណ្តៅដីមួយកន្លែង ដឹកដីមិនគ្របបង្កឲ្យធ្លាក់អាចម៌ដីលើផ្លូវប៉ះពាល់ដល់អ្នកដំណើរតាមដងផ្លូវនោះ លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញចុះទៅធ្វើកិច្ចសន្យាផ្អាកចំនួន៧ថ្ងៃ ទើបអនុញ្ញាតឲ្យធ្វើសកម្មភាពវិញ ប៉ុន្តែបើនៅតែមិនគោរពច្បាប់ទៀតមន្ទីរនឹងឈានទៅបិតអាជ្ញាប័ណ្ណអាជីវកម្មតែម្តង។ ការអញ្ជើញចុះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក យិន រដ្ឋា បានឲ្យដឹងថា ដោយសារម្ចាស់រណ្តៅដីឈ្មោះ យ៉ុក យ៉ុម មិនគោរពតាមការណែនាំរបស់កក្រសួងរ៉ែ និងថាមពល លើការដឹកជញ្ជូនសារធាតុរ៉ែនោះ ទើបលោកដឹកនាំមន្ត្រីជំនាញចុះមកធ្វើការណែនាំដល់ម្ចាស់រណ្តៅដីនេះ រួចធ្វើកិច្ចសន្យាឲ្យផ្អាកបណ្តោះអាសន្នចំនួន៧ថ្ងៃ ជាការព្រមាន។

ប៉ុន្តែក្រោយពីឲ្យបើកដំណើរការឡើងវិញហើយនោះ ម្ចាស់រណ្តៅដីនេះនៅតែមិនគោរពច្បាប់ទៀតនោះ យើងនឹងឈានទៅដល់ការដកហូតអាជ្ញាប័ណ្ណ។ ចំពោះបញ្ហាអាជ្ញាប័ណ្ណគាត់ជីកកាយអាចម៌ដី ប៉ុន្តែគាត់មានទាំងខ្សាច់ទៀតនោះ យើងក៏ពិនិត្យមើលដែរ បើឃើញថាច្រើនគឺតម្រូវឲ្យគាត់មានអាជ្ញាប័ណ្ណខ្សាច់តែម្តង។

បើតាមការពិនិត្យជាក់ស្តែងរណ្តៅមួយនេះពុំមានលក្ខណៈបច្ចេកទេសនោះទេ ដោយជីកមិនមានជើងទេត្រឹមត្រូវ គ្មានប្រព័ន្ធបង្ហូរទឹក បង្កឲ្យប៉ះពាល់ដល់ស្រូវស្រែរបស់ប្រជាពលរដ្ឋជិតខាងយ៉ាងធ្ងន់។
ទោះបីយ៉ាងណារណ្តៅដីមួយនេះ ត្រូវបានផ្អាកត្រឹម៧ថ្ងៃប៉ុណ្ណោះ និងធ្វើអាជីវកម្មឡើងវិញហើយ គេពុំទាន់ដឹងថា សុខទុក្ខពលរដ្ឋ ជាអ្នកប្រកបរបរស្រែចម្ការនៅជុំវិញរណ្តៅដីនោះមានការលំបាកយ៉ាងណានោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner