សម្តេចតេជោ ហ៊ុន សែន៖ វារីអគ្គិសនីសេសានក្រោម២ នឹងបង្កើនកម្រិតឯករាជភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងចេញពីពិធីសម្ពោធវារីអគ្គសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលបានរហូតដល់៤០០មេហ្គាវ៉ាត់នេះ បានដោះស្រាយបញ្ហាច្រើនណាស់ ដល់ការអភិវឌ្ឍប្រទេស មិនគ្រាន់តែជាបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋទេ តែត្រូវផ្គត់ផ្គង់ទៅវិស័យកសិកម្ម និងក្នុងវិស័យឧស្សាហកម្ម ព្រមទាំងវិស័យសេវាផងដែរ។

សម្តេចតេជោ ថា មុនសាងសង់វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីសាងសង់ទំនប់កាត់ទន្លេនេះ សម្តេចបានធ្លាប់ស្គាល់វារីអគ្គិសនីចំនួនពីរ គឺវារីអគ្គិសនីនៅអតីតសហភាពសូវៀត គឺវារីអគ្គិសនីទប់ទំនប់កាត់ទន្លេវ៉ុលហ្កាក្រា និងវារីអគ្គិសនីណាំងឹមនៅក្នុងប្រទេសឡាវ ដែលជាវារីអគ្គិសនី សាងសង់ទំនប់កាត់ទន្លេផងដែរ។ សម្តេចតេជោបានលើកឡើងថា វារីអគ្គិសនីនៅអតីតសហភាពសូវៀត នៅផ្នែកខាងលើទំនប់បានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ និងជាកន្លែងស្ទួចត្រី។ សម្តេចថា បទពិសោធន៍នៃវារីអគ្គិសនីនៅប្រទេសទាំងពីរនេះហើយ ដែលសម្តេចយកមកសម្រាប់ជាមូលដ្ឋានសម្រេចចិត្ត សាងសង់វារីអគ្គិសនីសេសានក្រោម២។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលវារីអគ្គិសនីសេសានក្រោម២នេះ ដែលមានការវិនិយោគរួមគ្នារវាងចិន កម្ពុជា និងវៀតណាម ហើយជាវារីអគ្គិសនីដំបូងគេវិនិយោគដោយអ្នកវិនិយោគខ្មែរ គឺអ្នកឧកញ៉ា គិត ម៉េង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការបង្កើតវារីអគ្គិសនីសេសានក្រោម២ មិនមែនជាការវិនិយោគដោយប្រថុយប្រថានគ្មានការគិតគូរជាមុននោះទេ។ វារីអគ្គិសនីនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់សម្តេចដែលបានដាក់ចេញតាំងពីឆ្នាំ១៩៨៧ គឺទឹក ផ្លូវ ភ្លើង និងមនុស្ស។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតវារីអគ្គិសនីនៅទីនេះ មានប្រជាពលរដ្ឋភាគច្រើនគាំទ្រ ប៉ុន្តែមានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលបានប្រឆាំងតាមរយៈការញុះញង់ពីជនបរទេស។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញអាជ្ញាធរអគ្គិសនីត្រូវបន្តប្រឹងប្រែងតបណ្តាញអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានបញ្ជាក់ថា បើមិនមានការប្រឹងប្រែងអភិវឌ្ឍន៍វារីអគ្គិសនីទេ កម្ពុជាអាចនឹងប្រឈមការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០២០។ សម្តេចតេជោថា ការបង្កើតវារីអគ្គិសនីត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទាញយកថាមពលមកប្រើប្រាស់ មិនមែនបញ្ចប់ត្រឹមវារីអគ្គិសនីសេសាន២នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្រាប់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព តម្លៃអគ្គិសនី នឹងចុះទៅដល់ ៦១០រៀល នៅឆ្នាំ២០១៩ និង២០២០។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានឱ្យដឹងថា វារីអគ្គិសនីសេសានក្រោម២ មានអាងស្តុកទឹកលាតសន្ធឹងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់វារីអគ្គីសនី ប្រវែង ៦,៥គីឡូម៉ែតនេះ ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត៨០០លានដុល្លារអាម៉េរិក។

ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។ ឯកឧត្តមបានបន្តថា ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនជាតិមាតុភូមិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងទៀតថា រយៈពេល២០ឆ្នាំមកនេះ តាមរយៈការរៀបចំផែនការ និងការអភិវឌ្ឍប្រភពអគ្គិសនីជាបន្តបន្ទាប់លើមូលដ្ឋាននៃសុខសន្តិភាពទូទាំងប្រទេសអានុភាពប្រភពអគ្គិសនីរបស់កម្ពុជាបានកើនពី ១៥០មេហ្គាវ៉ាត់នៅឆ្នាំ១៩៩៨ រហូតដល់ ២,៦៤៨មេហ្គាវ៉ាត់នៅចុងឆ្នាំ២០១៨។ បច្ចុប្បន្នកម្ពុជាមានប្រព័ន្ធបណ្តាញជាតិដែលមានខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២,១៤១គីឡូម៉ែត្រ និងអនុស្ថានីយ ៣៣កន្លែង ដែលអាចតភ្ជាប់ប្រភពអគ្គិសនីទាំងអស់ ហើយអាចបញ្ជូនប្រភពអគ្គិសនីទៅឲ្យអនុស្ថានីយនៅតាមរាជធានី ខេត្តចំនួន២០ដោយផ្ទាល់។

រដ្ឋមន្ត្រីក្រសួងរ៉ែ បានបន្ថែមថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានអភិវឌ្ឍន៍បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយថ្មីជាង ៦៣,៤៧៦គីឡូម៉ែត្របន្ថែម ដែលក្នុងនោះមានខ្សែចាយចាយតង់ស្យុងមធ្យមចំនួន ៣១,៣៥៧គីឡូម៉ែត្រ មានត្រង់ស្វូចែកចាយចំនួន ១៦,២៣៣ទីតាំង និងខ្សែចែកចាយតង់ស្យុងទាបចំនួន ៣២,១១៩គីឡូម៉ែត្រ ធ្វើការផ្គត់ផ្គង់អគ្គិសនីបច្ចុប្បន្នគ្របដណ្តប់លើភូមិចំនួន១២,៣០៥ភូមិ ត្រូវជា ៨៦,៨៥ភាគរយ នៃចំនួនភូមិទាំងអស់ ឯការភ្ជាប់បណ្តាញអគ្គិសនីឲ្យអ្នកប្រើប្រាស់វិញបានកើនឡើងដល់ ២,៦៥លានទីតាំង ដែលក្នុងចំនួននោះមានលំនៅដ្ឋានចំនួន ២,៥៥លានខ្នងផ្ទះ ត្រូវជា ៧២,១៦ភាគរយ នៃខ្នងផ្ទះសរុប៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner