យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល ក្រោយពីជិះម៉ូតូទាក់ដៃចង្កូតបណ្ដាលឲ្យដួល
ភ្នំពេញ៖ យុវជន២នាក់ បានជិះម៉ូតូឌុបគ្នាចេញពីធ្វើការ តែអកុសលបានទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងទៀត និងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យអ្នកឌុបដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នកអង្គុយពីក្រោយរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្សារពិភពថ្មី កំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ (ស្លាប់) មានឈ្មោះ សាំង ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាងពុម្ព ស្នាក់នៅក្នុងបុរីពិភពថ្មីកំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីយុវជនរងគ្រោះដែលរបួសស្រាលដែលរួមដំណើរជាមួយបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួន និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1N- 0791 ឌុបគ្នាមកពីធ្វើការនៅម្ដុំចោមចៅ ហើយឡើងមកស្នាក់នៅក្នុងបុរីពិភពថ្មីកំបូល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងសុទ្ធតែមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលម៉ូតូអូសជាង១០ម៉ែត្រ និងធ្វើឲ្យអ្នកឌុបបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯរូបខ្លួនដែលអង្គុយពីក្រោយរងរបួសស្រាល។

ក្រោយកើតហេតុភ្លាមៗ ម៉ូតូ និងរថយន្តដែលបានប៉ះជាមួយម៉ូតូជនរងគ្រោះមិនបានឈប់ដោះស្រាយនោះទេ ដោយពួកគេបានព្យាយាមបើកគេចខ្លួនបាត់ស្រមោល។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញឲ្យមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក ព្រមទាំងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

