អតីតប្រធានាធិបតីប្រទេសម៉ាល់ឌីវ ត្រូវបានគេបង្កកទ្រព្យសម្បត្តិ៦,៥លានដុល្លារអាម៉េរិក ក្រោយធ្លាក់ពីអំណាច
អត្ថបទដោយ៖
Kien Sereyvuth
ម៉ាល់ឌីវ៖ អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តិអំពើពុករលួយ ក្រោយពេលដែលតុលាការឲ្យបង្កកទ្រព្យសម្បត្តិរបស់លោក៦,៥លានដុល្លាអាម៉េរិក នេះបើតាមការបញ្ជាក់របស់នគរបាលកាលពីម្សិលមិញ។

លោក Yameen ដែលបានចាញ់ការបោះឆ្នោត កាលពីខែកញ្ញានោះ ត្រូវបាននគរបាលសាកសួរ នៅលើប្រជុំកោះរាត្រីក្រេបទឹកឃ្មុំ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ។ លោកត្រូវបានគេសង្ស័យថា បានទទួលលុយ១,៥លានដុល្លារអាម៉េរិក ក្នុងការទូទាត់ខុសច្បាប់មួយអំឡុងការតវ៉ាឲ្យមានការបោះឆ្នោតជាថ្មីគ្មានប្រសិទ្ធភាព ក្នុងប្រទេសស្ថិតនៅមហាសមុទ្រឥណ្ឌាមួយនេះ។ យ៉ាងណាក៏ដោយ អតីតប្រធានាធិបតីដែលគេស្គាល់ថា ជាបុរសខ្លាំង ប្រើប្រាស់កណ្តាប់ដៃដែកក្នុងការផ្តួលគូប្រកួតរូបនេះបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់៕


