សម្តេចប្រធានរដ្ឋសភា៖ អ្នកវិនិយោគបារាំងបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានទំហំថវិកាកើនដល់ជាង១ពាន់លានដុល្លារអាម៉េរិក ហើយកម្ពុជានាំអង្ករទៅកាន់ទីផ្សារប្រទេសបារាំងលំដាប់ទី២ប្រមាណ៨ម៉ឺនតោន

អត្ថបទដោយ៖
Kien Sereyvuth

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី១៧ ខែធ្នូនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយឯកឧត្តម សីលវ៉ាន វ៉ាសឺមែន
(Sylvain WASERMAN) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួបនោះដែរ ឯកឧត្តម សីលវ៉ាន វ៉ាសឺមែន(Sylvain WASERMAN) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាជាតិកម្ពុជាថា កម្ពុជា-បារាំង មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់មកហើយ។

នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការ ការទូតរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-បារាំង និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ មនុស្ស និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើពិភពលោកផងដែរ។ ជាមួយគ្នានោះឯកឧត្តម សីលវ៉ាន វ៉ាសឺមែន បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអប់រំ វប្បធម៌ សុខាភិបាល អភិវឌ្ឍ និងទេសចរណ៍ ទំនាក់ទំនងការទូត និងពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិ យោគ នៃប្រទេសទាំងពីរកម្ពុជា-បារាំង កាន់តែមានកិច្ចសហការគ្នាយ៉ាងល្អ។

នៅក្នុង ឱកាសនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្វាគមន៍យ៉ាងកក់ក្តៅ និងចាត់ទុកវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអនុប្រធានរដ្ឋសភាបារាំង និងគណៈប្រតិភូ នៅកម្ពុជា នាំមកនូវកាលានុវត្តភាពថ្មីមួយទៀត នៃការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង មានជាយូរលង់ណាស់មកហើយ ឲ្យកាន់តែរឹងមំាខ្លាំងក្លាថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ចំណងការទូតកម្ពុជា-បារំាង ក៏មានលក្ខណៈពិសេស កសាងដោយអតីតប្រមុខដឹកនាំប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៥២ គឺ១ឆ្នាំមុនកម្ពុជាប្រកាសឯករាជ្យជាផ្លូវការ របស់ខ្លួន និងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈររហូតមកដល់សព្វថៃ្ង។ នៅក្នុងការស្វែងរកសន្តិភាព បារាំងបានដើរតួនាទីយ៉ាងសំខាន់ និងបានបន្សល់ទុកស្នាដៃប្រវត្តិសាស្ត្រដ៏មហិមា រហូតឈានទៅបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយរួមនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ទៀតថា កម្ពុជាបានប្រកាន់ខ្ជាប់ក្នុងការអនុវត្តនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ការបោះឆ្នោតរៀងរាល់រាល់៥ឆ្នាំម្តងដោយ សេរី  ត្រឹមត្រូវ និងយុត្តិធម៌។ ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាបានអនុម័តច្បាប់សរុប ៥២៣ច្បាប់ ក្នុងនោះមាន ៥៣ច្បាប់ ទាក់ទង និងគោលការណ៍សិទ្ធិមនុស្ស។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា កាលពីសប្តាហ៍មុន រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយអនុម័តនូវវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ ឲ្យកាន់តែមានភាពទូលំទូលាយ។ 

ប្រទេសបារាំងជាប្រទេសដែលបានផ្តល់ជំនួយជាច្រើន បានរួម ចំណែកស្តា និងកសាងសេដ្ឋកិច្ចកម្ពុជាពីស្ថានភាពក្រខ្សត់រហូតដល់កម្ពុជា មានការអភិវឌ្ឍដូចបច្ចុប្បន្ន។ កម្ពុជា-បារាំងបានផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញតិ ជាហូរហែ និងបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាជាច្រើន ហើយកម្ពុជាក៏បានគាំទ្របេក្ខភាពបារាំង ជាសមាជិក នៅក្នុងក្របខណ្ឌអង្គការសហប្រជាជតិ និងអង្គការអន្តរជាតិជាច្រើន។

ដោយឡែកអ្នកវិនិយោគ និងអ្នកទេសចរបារាំងកាន់តែច្រើន បានមកវិនិយោគ និងទស្សនាកម្ពុជា ពីព្រោះ កម្ពុជាមានសុខសន្តិភាពនៅទូទាំងប្រទេស មានសក្តានុពល ខាងវិស័យសេដ្ឋកិច្ចនិងជា គោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរវិញ ក៏មានការរីកចម្រើនជាលំដាប់ ពោលគឺទំហំទឹកប្រាក់វិនិយោគបានកើនដល់ជាង១ពាន់លានដុល្លារអាមេរិក។

ជាមួយនេះ កម្ពុជាក៏បាននាំចេញអង្ករច្រើន ក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង គឺប្រមាណជិត៨ម៉ឺនតោន។ នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញតិ្តវិញ ក្រៅពីក្រុមមិត្តភាពសភា រដ្ឋសភា ប្រទេសទាំងពីរ ក៏ជាសមាជិកសភានិយាយភាសាបារាំង (អា- ប៉េ -អែហ្វ) និង អាយ-ភី-យូ ដូចគ្នា និងតែងគាំទ្រ គ្នាទៅវិញទៅ មកនៅក្នុងវេទិកាអន្តរសភានេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner