សម្ព័ន្ធអារ៉ាប់ និងប៉ាឡេស្ទីន ថ្កោលទោសអូស្ត្រាលី ជុំវិញការសម្រេចចិត្តទទួលស្គាល់ភាគខាងលិចទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល
អេហ្ស៊ីប៖ ប្រទេសប៉ាឡេស្ទីន និងសម្ព័ន្ធអារ៉ាប់ដែលមានមូលដ្ឋាននៅរដ្ឋធានីកៃរ៉ូ ប្រទេសអេហ្ស៊ីប ហៅកាត់ថា AL បានប្រកាសធ្វើការថ្កោលទោសអូស្ត្រាលី នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ឆ្លើយតបទៅនឹងការសម្រេចចិត្តនាពេលថ្មីៗរបស់ប្រទេសនេះ ក្នុងការទទួលស្គាល់ភាគខាងលិចទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការថ្កោលទោសនេះ បានកើតឡើងក្រោយពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បានធ្វើការប្រកាសនៅថ្ងៃដដែលនោះថា ប្រទេសរបស់លោកបានទទួលស្គាល់ជាផ្លូវការថា ភាគខាងលិចទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល បើទោះបីជាមានការប្រឆាំងទាំងនៅក្នុងស្រុក ក៏ដូចជាការថ្កោលទោសពីសំណាក់ប្រទេសអារ៉ាប់ និងជនជាតិមូស្លីមក៏ដោយ។
យ៉ាងណាមិញ លោក ម៉ូរីសុន ក៏បានប្រកាសបង្ហាញការគំាទ្ររបស់លោកផងដែរ ដល់អនាគតរបស់ពលរដ្ឋប៉ាឡេស្ទីន ជាមួយនឹងការទទួលបានភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសខ្លួន ហើយនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះថែមទាំងអះអាងទៀតថា ស្ថានទូតអូស្ត្រាលីនឹងបន្តតាំងនៅក្នុងទីក្រុង តែល អាវីសហ្វ រហូតទាល់តែស្ថានភាពនៃទីក្រុងហ្សេរុយសាឡឹម ត្រូវបានកំណត់នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕ម.ន



