ភ្លុកដំរីទាំង១,០២៦ដុំ ត្រូវបានគយកម្ពុជា និងស្ថានទូតអាម៉េរិក រកឃើញនៅកំពង់ផែស្វយ័តភ្នំពេញ ដែលឈ្មួញនាំចេញពីកំពង់ផែមួយកន្លែង ឈ្មោះ «ម៉ាឡាកា» នៅប្រទេសមូសំប៊ិច
(ភ្នំពេញ)៖ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់សារព័ត៌មាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ថា មានភ្លុកដំរីចំនួន១,០២៦ដុំ និងមានទម្ងន់សរុបជាង៣តោន ត្រូវបានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ សហការជាមួយស្ថានទូតអាមេរិក រកឃើញនៅកំពង់ផែស្វយ័តភ្នំពេញ ដែលឈ្មួញបានលាក់ទុកតាំងពីខែកក្កដា នៅក្នុងទូកុងតឺន័រ (Container)។

លោក ស៊ុន ឆាយ បានបញ្ជាក់ទៀតថា ភ្លុកដំរីទាំង១,០២៦ដុំនេះ ត្រូវបានឈ្មួញនាំចេញពីកំពង់ផែមួយកន្លែង ឈ្មោះ «ម៉ាឡាកា» នៅប្រទេសមូសំប៊ិច យកមកដាក់នៅកំពង់ផែស្វយ័តភ្នំពេញ តាំងពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយការចុះពិនិត្យនេះ ដោយទទួលបានព័ត៌មានពីស្ថានទូតអាមេរិក តែមិនដឹងថា ក្រុមឈ្មួញគ្រោងនាំចេញទៅកាន់ប្រទេសណានោះទេ។

បច្ចុប្បន្ន ភ្លុកដំរីទាំងអស់នេះ ត្រូវបានរក្សាទុកជាបណ្ដុះអាសន្ន នៅកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចាត់ការបន្តទៀត ក្រោយសុំគោលការណ៍ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកគយ និងរដ្ឋាករ លោក គុណ ញឹម៕
