ចិនសម្រេចផ្អាកការដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់នាំចូលពីសហរដ្ឋអាម៉េរិករយៈពេល៣ខែ ដើម្បីបន្ធួរបន្ធយភាពតានតឹងរវាងប្រទេសទំាងពីរ
ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើការប្រកាសថា ប្រទេសខ្លួននឹងសម្រេចផ្អាកការដំឡើងពន្ធបន្ថែមលើរថយន្ត និងគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល០៣ខែ ពោលគឺគិតចាប់ពីដើមឆ្នំាក្រោយនេះ ។

សេចក្តីប្រកាសនេះ បានកើតឡើង ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ កាលពីអំឡុងជំនួបក្រៅផ្លូវការមួយ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលបានប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីន នាដើមខែធ្នួនេះ ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននោះ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទីក្រុងប៉េកំាងនឹងផ្អាកការយកពន្ធក្នុងអត្រា២៥ភាគរយលើរថយន្ត ព្រមទាំងគ្រឿងបន្លាស់នាំចូលពីអាមេរិកសរុបចំនួន១៤៤ ហើយទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពន្លឿនកិច្ចចរចា ដើម្បីលុបចោលទាំងស្រុងនូវរាល់ការដំឡើងពន្ធបន្ថែមលើទំនិញគ្នាទៅវិញទៅមក ៕
