ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើដល់បណ្តាជំនាញទទួលខុសត្រូវទាំងអស់បន្តសហការគ្នាឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងពិធីអបអរសាទខួបអនុស្សាវរីយ៍គម្រប់២០ឆ្នាំ កំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រព្រឹត្តទៅដោយជោគជ័យ
នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រៀមរៀបចំចូលរួមតាំងពិព័ណ៍ការពារជាតិ ក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងអបអរសាទរខួប២០ឆ្នាំនយោបាយឈ្នះ-ឈ្នះ ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ និងមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍គម្រប់២០ឆ្នាំ កំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ ២៤ មករា២០១៩ )។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ អង្គប្រជុំក៏បានតាមដានស្តាប់ការសង្ខេបលទ្ធផល ការបែងចែកតួនាទីទទួលខុសត្រូវ តាមបណ្តារផ្នែក និងជំនាញនីមួយៗ តាមដានស្តាប់បទបង្ហាញការរៀបចំតាំងគ្រឿងចក្រ សម្ភារបរិក្ខារ ការរៀបចំផែនឈរ ផែនកត្តិយស ការរៀបចំកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំតុបតែងលម្អ មានបដាពាក្យស្លោក ប៉ាណូ ការរៀបចំស្ព័តផ្សាយតាមទូរទស្សន៍ និងការរៀបចំពិព័ណ៍រូបថតការពារជាតិផងដែរ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចាត់ទុកការសម្ពោធវិមានឈ្នះ-ឈ្នះ និងនយោបាយឈ្នះ-ឈ្នះ គឺជាព្រឹត្តិកាណ៍ដ៏ធំ ដែលពុំធ្លាប់មាននៅព្រះជាណាចក្រកម្ពុជា និងជាការអបអរសាទររាល់សមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុង ហើយបាននាំមកនូវសុខសន្តិភាពរហូតមកដល់សពថ្ងៃ និងអបអរសាទរខួបអនុស្សាវរីយ៍គម្រប់២០ឆ្នាំ កំណើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ គឺជាការអបអរសាទរនូវរាល់ស្នាដៃ សមិទ្ធិផលដែលកងទ័ពជើងគោក បានបំពេញភារកិច្ចក្នុងរយៈពេល២០ឆ្នាំ ក្នុងភារកិច្ចកាពាជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលរបស់សង្គមជាតិ និងរក្សាបានសុខសន្តិភាពសុវត្ថិភាពជូនប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសំណូមពរដល់អង្គភាព បណ្តាជំនាញទទួលខុសត្រូវ បន្តសហការគ្នាឲ្យបានល្អ ត្រូវធ្វើយ៉ាងណាឲ្យពិធីសម្ពោធវិមានឈ្នះ-ឈ្នះ នយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទខួបអនុស្សាវរីយ៏គម្រប់២០ឆ្នាំកំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រព្រឹត្តទៅដោយទទួលបានជោគជ័យ។





