ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ចាប់ផ្ដើមនៅព្រឹកនេះហើយ
កោះកុង៖ ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង បានឈានចូលមកដល់ហើយ ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ។ បុណ្យសមុទ្រ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

តាមការបញ្ជាក់របស់លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងនៅព្រឹកមិញថា មកដល់ពេលនេះ ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានភ្ញៀវទេសចរជួល និងកក់ទុកជិតពេញអស់ហើយ មានតែនៅតាមជាយៗក្រុងតិចតួចប៉ុណ្ណោះ ប៉ុន្តែភ្ញៀវទេសចរនៅមានជម្រើសទៅស្នាក់នៅខេត្តត្រាត ប្រទេសថៃក៏បានដែរ។

សម្រាប់ភ្ញៀវទេសចរដែលចង់ទៅស្នាក់នៅ និងទស្សនាកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវថតចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មកជាមួយឱ្យបានស្រេច។ លោកប្រធានមន្ទីរបានបន្តថា ខាងភាគីថៃបានត្រៀមបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវ ទេសចរទៅពីកម្ពុជាដល់ទៅជាង៦០០បន្ទប់ឯណោះ ប៉ុន្តែមកដល់ពេលនេះ ភ្ញៀវទើបតែជួលអស់ជាង១០០បន្ទប់នៅឡើយទេ ពោលគឺនៅសល់ជាង៤០០បន្ទប់ទៀត។ សម្រាប់តម្លៃស្នាក់នៅខាងថៃវិញ គឺមិនលើសពី៣០ដុល្លារឡើយ។

ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងបុណ្យសមុទ្រ ក្នុងរយៈពេល៣ថ្ងៃ ដែលគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាត ប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណបណ្ណទៅជាមួយ។ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗ ទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែន ក៏គួរយកតាមផងកាន់តែងាយស្រួល)។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍៕

