នារីម្នាក់បើករថយន្ដព្រូសទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ
ភ្នំពេញ៖ នារីម្នាក់ បានបើករថយន្ដម៉ាកព្រូស ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-2376 ដែលបើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុ នារីដែលជាអ្នកបើកបររថយន្ដបង្ក ត្រូវបានរថយន្ដស៊េរីទំនើបមួយគ្រឿងទៀត មកដឹកចេញពីកន្លែងកើតហេតុបាត់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមក ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង ស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
