បុរស២នាក់ ត្រូវរថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួតសុកន បើកបុក និងកិនបែកក្បាលស្លាប់ទាំងពីរ
ភ្នំពេញ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ពេលដែលបុរសជាអ្នករត់តុការពីរនាក់បានស្លាប់នៅនឹងកន្លែង ដែលបង្កឡើងដោយរថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿង បើកបុកម៉ូតូជនរងគ្រោះកំពុងជិះឌុបគ្នាពីក្រោយពេញទំហឹង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរត់តុ មានទីលំនៅភូមិស្វាយ រលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និងជនរងគ្រោះទី២ មានឈ្មោះ ប៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរត់តុមានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាត ខេត្តកណ្ដាល (អ្នកជិះខាងក្រោយ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាក់ស្មាក់រ៉េវូពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1Y-9402 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ដែលទើបនឹងចេញពីរត់តុការមួយកន្លែងក្នុងបំណងជិះត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿង ពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ3A-7325 បើកបរដោយតៃកុងម្នាក់រួមដំណើរនឹងព្រូម្នាក់ទៀត ស្របទិសដៅគ្នាមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្តាលឲ្យកិនចំក្បាលបែកខួរ ទាំងពីរស្លាប់ភ្លាមៗនឹងកន្លែងតែម្តង។ ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមអូសជាច្រើនម៉ែត្រ រួចហើយក៏ឈប់ទុករថយន្តចោល តៃរត់គេចខ្លួនបាត់បន្សល់ទុកព្រូម្នាក់ដែលត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចជំនាញបានធ្វើកោលស្យវិចយ័ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


