របបយោធាថៃកំណត់យកថ្ងៃទី២៤ កុម្ភៈ រៀបចំការបោះឆ្នោតជាតិ ក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤
ថៃ៖ បណ្តាគណបក្សនយោបាយនៅប្រទេសថៃ ពេលនេះមានលទ្ធភាពចូលរួមការបោះឆ្នោតថ្នាក់ជាតិវិញហើយ ខណៈដែលរដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារមួយនេះបានសម្រេចលើកលែងបម្រាមសកម្មភាពនយោបាយវិញ។

រដ្ឋាភិបាលយោធាថៃបានដាក់ចេញបំរាមនេះ តាំងពីខ្លួនបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០១៤ តែរដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយ តាំងពីខែកញ្ញា ដើម្បីអនុញ្ញាតឲ្យគណបក្សនយោបាយទាំងនោះបន្តសកម្មភាពឡើងវិញ ហើយប្រទេសនេះ នឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅខែកុម្ភៈ ២០១៩ខាងមុខនេះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលគេស្គាល់ថា ជាមេដឹកនាំរបបសឹកនោះបានសម្រេចលើកលែងបំរាម ដែលផ្តោតលើការជួបជុំក្រុមអ្នកនយោបាយ និងបង្កើតមូលនិធិជាដើម ដោយគេដឹងថា ការរឹតបន្តឹងនេះត្រូវបានធ្វើឡើងក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ភ្លាមៗ។

ជាមួយគ្នានេះដែរ គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃបានអះអាងពីការបោះឆ្នោតទូទៅនេះ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ កុម្ភៈ ប៉ុន្តែយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតែត្រូវបានហាមឃាត់ លុះត្រាណា មានការប្រកាសផ្លូវការអំពីការស្ទង់មតិ នៅខែក្រោយ៕